កាមេរ៉ាស៊ែលហ្វីរបស់ទូរស័ព្ទ iPhone 14 ត្រូវបានគេរាយការណ៍ថាមានតម្លៃថ្លៃជាងកាមេរ៉ាជំនាន់មុនរហូតដល់ទីបីដង

ការអាប់ដេតក៏ដូចជាការផ្លាស់ប្តូរដ៏ធំបំផុតរបស់ទូរស័ព្ទត្រកូល iPhone 14 គឺនៅលើផ្នែកកាមេរ៉ាស៊ែលហ្វីខាងមុខ នេះបើយោងតាមការលើកឡើងពីប្រភពព័ត៌មានដែលគួរឱ្យទុកចិត្តមួយនៅក្នុងប្រទេសកូរ៉េ។

ក្រុមហ៊ុន Apple ត្រូវបានគេរាយការណ៍ថាកំពុងតែស្វែងរកប្រភេទលេនកាមេរ៉ាដែលមានគុណភាពកម្រិតខ្ពស់ ដើម្បីនាំយកមកបំពាក់នៅលើទូរស័ព្ទដៃ iPhone ជំនាន់ក្រោយរបស់ខ្លួន ហើយឥឡូវនេះ ក្រុមហ៊ុន Apple ហាក់បីដូចជាកំពុងតែសម្លឹងមើលក្រុមហ៊ុន LG Innotek ក្នុងការផ្គត់ផ្គង់ប្រភេទលេនកាមេរ៉ាថ្មីមកឱ្យខ្លួន។


នេះគឺជាលើកទីមួយនៅក្នុងប្រវត្តិសាស្ត្ររបស់ក្រុមហ៊ុន Apple ហើយដែលក្រុមហ៊ុនរបស់សហរដ្ឋអាមេរិកមួយនេះ បានជ្រើសយកក្រុមហ៊ុនកូរ៉េដើម្បីផ្គត់ផ្គង់កាមេរ៉ាមុខមកឱ្យខ្លួន។ 


បន្ថែមពីនេះ ក្រុមហ៊ុន Apple ក៏ត្រូវបានគេរាយការណ៍ថាកំពុងតែរចនាកាមេរ៉ាស៊ែលហ្វីដែលមានគុណភាពខ្ពស់ ខ្ពស់ជាងកាមេរ៉ាដែលខ្លួនធ្លាប់បានបំពាក់នៅលើទូរស័ព្ទរបស់ខ្លួនទៅទៀត។


ដំបូងឡើយ កាមេរ៉ារបស់ក្រុមហ៊ុន LG Innotek នេះ ក្រុមហ៊ុន Apple មានគម្រោងនៅក្នុងការបំពាក់វានៅលើជំនាន់ iPhone 15 ប៉ុណ្ណោះ ប៉ុន្តែកាលវិភាគមានការផ្លាស់ប្តូរកាន់តែគៀកជាងមុន ដោយសារតែខ្លួនបានជួបប្រទះនូវបញ្ហាខ្សោយគុណភាពរូបភាពទៅលើការធ្វើតេស្តកាមេរ៉ារបស់ប្រទេសចិន៕


ប្រភព៖ GSMArena

Post a Comment

To Top