ប្រព័ន្ធប្រតិបត្តិការ IOS 16 ជំនាន់សាកល្បងអាចនឹងមកដល់យឺតជាងការគ្រោងទុក

ព្រឹត្តិការណ៍ WWDC 2022 នឹងចាប់ផ្តើមនៅថ្ងៃទី6 ខែមិថុនា ដោយនៅក្នុងនោះក្រុមហ៊ុន Apple ក៏នឹងដាក់បង្ហាញនូវផលិតផលថ្មីៗរបស់ខ្លួន ដែលរួមមានប្រព័ន្ធប្រតិបត្តិការ IOS 16 ផងដែរ។ 

បើទោះបីជាយ៉ាងណាក៏ដោយ វាអាចនឹងមានភាពយឺតយ៉ាវជាងរាល់ដង ដោយបើយោងតាមអ្នកសារព័ត៌មាន Bloomberg គឺលោក Mark Gurman បានបង្ហោះនូវសារមួយដែលបង្ហាញ មានភាពមិនច្បាស់លាស់មួយចំនួននៅពីក្រោយប្រព័ន្ធប្រតិបត្តិការ IOS 16 ឬ ព្រឹត្តិការណ៍ WWDC។


ជាធម្មតា ក្រុមហ៊ុន Apple តែងតែរង់ចាំរហូតដល់កំណែអាប់ដេតបែតាទីពីរនៃប្រព័ន្ធប្រតិបត្តិការ IOS ថ្មីរបស់ខ្លួន មុនពេលដែលបញ្ចេញវាជាសារធារណៈ (ដោយសារតែកំណែអាប់ដេតបែតាទីមួយវានៅមានកំហុស ដូចនេះពួកគេមិនទាន់អាចបញ្ចេញវាឱ្យប្រើប្រាស់ជាសារធារណៈបានភ្លាមនោះទេ)។ នៅឆ្នាំនេះ សម្រាប់ប្រព័ន្ធប្រតិបត្តិការ IOS 16 អាចនឹងត្រូវរង់ចាំរហូតដល់ទៅកំណែបែតាទីបី។


ដំណើរការនៃការអភិវឌ្ឍប្រព័ន្ធប្រតិបត្តិការ IOS 16 មួយនេះអាចនឹងមានភាពរអាក់រអួលមួយចំនួន ដែលនឹងត្រូវពន្យាពេល។ លោក Gurman បាននិយាយថា វានៅមានចំណុចដែលត្រូវកែប្រែនៅឡើយ យើងអាចនឹងដឹងបន្ថែមទៀតបានបន្ទាប់ពីព្រឹត្តិការណ៍ WWDC ប៉ុន្តែវាក៏អាចទៅរួចផងដែរដែលយើងនឹងត្រូវរង់ចាំរហូតដល់ទៅខែកក្កដា ដើម្បីសាកល្បងកំណែបែតាថ្មីនេះ។


បើយោងតាមលោក Gurman ប្រព័ន្ធប្រតិបត្តិការ IOS 16 នឹងនាំមកជាមួយការគ្រប់គ្រងដំណឹងបានប្រសើរជាងមុន មុខងារតាមដានសុខភាពថ្មី និងការផ្លាស់ប្ដូរមួយចំនួនទៀត៕


ប្រភព៖ GSMArena

Post a Comment

To Top