Instagram បានបញ្ចេញមុខងារ 1 Minute Music សម្រាប់ Instagram Reels នៅក្នុងប្រទេសឥណ្ឌា
ក្រុមហ៊ុន Meta ដែលជាក្រុមហ៊ុនអាណាព្យាបាលរបស់ក្រុមហ៊ុន Instagram បាននាំយកមុខងារ 1 Minute Music ដែលជាបណ្តុំនៃឃ្លីបវីដេអូជាមួយនឹងចម្រៀងខ្លីៗ ដែលអាចប្រើប្រាស់បាននៅក្នុង Instagram Reels និងនៅក្នុង Stories។
មុខងារថ្មីនេះ បានរួមបញ្ចូលជាមួយនឹងចម្រៀងពីសិល្បៈកររបស់ប្រទេសឥណ្ឌាប្រមាណជាជាង 200 នាក់ ដើម្បីទាក់ទាញប្រជាប្រិយភាពពីអ្នកប្រើប្រាស់ជនជាតិឥណ្ឌាឱ្យងាកមកបង្កើតវីដេអូឃ្លីបបែបខ្លីៗ ជាមួយនឹងបទចម្រៀងរបស់ពួកគេ។
ការប្រមូលផ្តុំក្រុមតារាងចម្រៀងរបស់ប្រទេសឥណ្ឌានេះ ក៏មានការចូលរួមថតសម្លេងពីសំណាក់តន្ត្រីករល្បីៗជនជាតិឥណ្ឌាដូចជា Dhvani Bhanushali, Neeti Mohan, Shaan, Himanshi Khurana, Aniruth, និង GV Prakaash Kumar។
ក្រុមហ៊ុន Instagram បានសង្ឃឹមថា មុខងារ 1 Minute Music ថ្មីរបស់ខ្លួនអាចនឹងទាក់ទាញដល់តន្ត្រីករផ្សេងទៀត ក្នុងការដាក់បញ្ចូលស្នាដៃតន្ត្រីរបស់ពួកគេ។
លោក Paras Sharma ដែលជានាយកផ្នែកមាតិកា និងភាពជាដៃគូទំនាក់ទំនងប្រចាំ Facebook India (Meta) បានមានប្រសាសន៍ថា៖ “តន្ត្រីគឺជាកត្តាសំខាន់ចម្បងសម្រាប់កម្មវិធី Instagram នាពេលបច្ចុប្បន្ននេះ ជាមួយនឹងមុខងារ 1 Minute Music យើងសង្ឃឹមថា វាអាចនឹងជួយឱ្យ Reels Instagram កាន់តែមានភាពទាក់ទាញ និងមានការកម្សាន្តសប្បាយជាងមុន ហើយយើងក៏សង្ឃឹមដែរថា មុខងារនេះនឹងជួយដល់សិល្បករផ្សេងទៀតក្នុងការដាក់បញ្ចេញស្នាដៃរបស់ពួកគេផងដែរ”៕
ប្រភព៖ GSMArena


Post a Comment