មុខងារ Google Assistant នឹងអាចសម្គាល់សម្លេងរបស់អ្នកបានក្នុងពេលឆាប់ៗនេះ
ក្រុមហ៊ុន Google មានគម្រោងនៅក្នុងការកែលម្អ ក៏ដូចជាបន្ថែមទៅលើមុខងារជំនួយការរបស់ Google ឬ Google Assistant។ មុខងារ ក៏ដូចជាការកែប្រែថ្មីដែលក្រុមហ៊ុន Google កំពុងតែធ្វើនោះគឺជាមុខងារសម្គាល់សម្លេងរបស់អ្នកប្រើប្រាស់ពី Google Assistant។
វាពិតជារឿងដ៏គួរឱ្យចាប់អារម្មណ៍ណាស់ ដែលក្រុមហ៊ុន Google កំពុងបោះជំហានធំថ្មីមួយទៀតដើម្បីឆ្ពោះទៅរកការកែលម្អជំនួយការឆ្លាតវៃរបស់ខ្លួន។ ដោយនៅពេលដែលអ្នកនិយាយទៅកាន់ Google Assistant មុខងារមួយនេះនឹងធ្វើការកត់ចំណាំ ក៏ដូចជារក្សាទុកនូវសូរសម្លេងរបស់អ្នក ដើម្បីជាការសម្គាល់សម្លេងដែលនិយាយគឺជាសម្លេងរបស់អ្នក (Personalized speech recognition)។
ការរក្សាទុក និងវិភាគសម្លេងរបស់អ្នកប្រើប្រាស់នឹងធ្វើឱ្យការឆ្លើយតបមានភាពត្រឹមត្រូវ និងកាន់តែប្រសើរឡើងជាងមុន ដោយសារតែសម្លេងរបស់អ្នក និងពាក្យដែលអ្នកធ្លាប់បាននិយាយ វាបានសុាំជាមួយនឹង Google Assistant។
មុខងារ Google Assistant ក៏នឹងមានសិទ្ធិជ្រៀតចូល ក៏ដូចជាប្រើប្រាស់ទិន្នន័យពី Server របស់ក្រុមហ៊ុន Google ដើម្បីសម្គាល់ការនិយាយ ឬ សម្លេងរបស់អ្នកប្រើប្រាស់ផ្សេងទៀតផងដែរ។ បន្ថែមពីនេះ មុខងារ Google Assistant ក៏អាចឱ្យអ្នកប្រើប្រាស់ធ្វើការបញ្ជាបានដោយច្បាស់ និងងាយស្រួល គួបផ្សំជាមួយនឹងការស្គាល់ច្បាស់ពីឈ្មោះទំនាក់ទំនង (Contact Name) ទៀតផង។
ជាការពិតណាស់ ដោយសារតែការព្រួយបារម្ភពីភាពឯកជនរបស់អ្នកប្រើប្រាស់ ក្រុមហ៊ុន Google ក៏បានអនុញ្ញាតឱ្យអ្នកប្រើប្រាស់កំណត់ការបើក ឬ មិនបើកនូវមុខងារសម្គាល់សម្លេងនេះដោយខ្លួនឯងផងដែរ៕
ប្រភព៖ GSMArena

Post a Comment