Google Assistant អាចប្រើសម្រាប់ផ្លាស់ប្ដូរពាក្យសម្ងាត់បានដោយស្វ័យប្រវត្តិហើយ
នៅឆ្នាំមុន ក្រុមហ៊ុន Google បាននិយាយថា ជំនួយការធំរបស់ក្រុមហ៊ុន Google, Google Assistant នឹងអាចធ្វើការផ្លាស់ប្តូរពាក្យ ឬលេខសម្ងាត់ដែល Compromised ហើយឥឡូវនេះ ក្រុមហ៊ុន Google បានធ្វើតាមពាក្យសន្យារបស់ខ្លួនហើយ។
គេហទំព័រ Android Police បានធ្វើការកត់សម្គាល់ថា ការព្រមានពី Google Assistant កំពុងតែដាក់បញ្ចេញបានយ៉ាងទូលំទូលាយសម្រាប់អ្នកប្រើប្រាស់កម្មវិធី Google Chrome និងនៅលើប្រព័ន្ធប្រតិបត្តិការ Android ស្ទើរតែទាំងអស់ហើយ។
នៅពេលដែលអ្នកធ្វើការ Sign in ចូលគេហទំព័រដែលមានពាក្យ ឬលេខសម្ងាត់ compromised អ្នកនឹងទទួលបានសារជូនដំណឹងឱ្យធ្វើការផ្លាស់ប្តូរពាក្យសម្ងាត់របស់អ្នក និងសម្រាប់គេហទំព័រមួយចំនួន អ្នកនឹងទទួលបានជម្រើសដែលអនុញ្ញាតឱ្យជំនួយការរបស់ក្រុមហ៊ុន Google, Google Assistant ធ្វើការផ្លាស់ប្តូរពាក្យសម្ងាត់នោះដោយស្វ័យប្រវត្តិ ជំនួសអ្នកបាន។
អ្នកប្រើប្រាស់អាចត្រឡប់ទៅឆែកមើលពាក្យសម្ងាត់ និងផ្លាស់ប្ដូរវាវិញតាមក្រោយទៀតបាន ប៉ុន្តែវាពិតជាមានភាពងាយស្រួលណាស់ បើសិនជាអ្នកមិនចង់ចំណាយពេលវេលានៅក្នុងការផ្លាស់ប្តូរពាក្យសម្ងាត់ និងការប្រាកដពីការ Sign in ដោយសុវត្ថិភាព ចំពោះគេហទំព័រដែលអ្នកធ្លាប់បានចូលរួច។
យ៉ាងណាម៉ិញ មុខងារមួយនេះពុំទាន់មានដំណើរការលើគ្រប់គេហទំព័រទាំងអស់នៅឡើយនោះទេ ដោយវាអាចនឹងត្រូវចំណាយពេលបន្ថែមទៀតដើម្បីអាចឱ្យមានដំណើរការនៅលើគេហទំព័រទាំងអស់បាន ប៉ុន្តែនាពេលឥឡូវនេះ មុខងារថ្មីរបស់ Google Assistant មួយនេះ បានដាក់បញ្ចូលឱ្យប្រើប្រាស់ជាសកលហើយ៕
ប្រភព៖ Engadget

Post a Comment