កម្មវិធី Expert RAW កាមេរ៉ារបស់ក្រុមហ៊ុន Samsung បានដាក់ឱ្យប្រើប្រាស់នៅលើទូរស័ព្ទអេក្រង់បត់ Galaxy Z Fold3 ហើយ
ក្រុមហ៊ុន Samsung បានបញ្ចេញកម្មវិធីកាមេរ៉ា Expert RAW សម្រាប់ទូរស័ព្ទ Samsung Galaxy S21 Ultra នៅខែវិច្ឆិកា កាលពីឆ្នាំមុន និងបញ្ចេញសម្រាប់ទូរស័ព្ទ S22 Ultra នៅខែកុម្ភៈ នាឆ្នាំនេះ។ ហើយឥឡូវនេះ ក្រុមហ៊ុន Samsung ក៏នឹងត្រៀមបញ្ចេញកម្មវិធីកាមេរ៉ា Expert RAW នេះ សម្រាប់ទូរស័ព្ទដែលអាចបត់បាន Samsung Galaxy Z Fold3 ផងដែរ។
បើសិនជាអ្នកជាម្ចាស់ទូរស័ព្ទអេក្រង់បត់ Galaxy Z Fold3 អ្នកអាចធ្វើការទាញយកកម្មវិធីកាមេរ៉ា Expert RAW នេះបាននៅក្នុង Galaxy Store ដែលជាជំនាន់ 1.0.02.6 និងមានទំហំទាញយក 50MB។
នៅក្នុងការអាប់ដេតនេះគេបានសរសេរថា កម្មវិធីកាមេរ៉ា Expert RAW ជំនាន់ចុងក្រោយបង្អស់នឹងមកជាមួយការគណនារយៈពេលលឿននៅក្នុងការថតរូបនៅកន្លែងដែលមានពន្លឺទាប និងជួយកែនូវគុណភាពរូបភាពនៅតាមប្លង់នីមួយៗផងដែរ។
បើយោងតាមប្រភពដ៏គួរឱ្យទុកចិត្ត Ice universe ទូរស័ព្ទស្មាតហ្វូនដែលនឹងទទួលបានកម្មវិធីកាមេរ៉ា Expert RAW បន្ថែមទៀតនោះគឺ ទូរស័ព្ទ Samsung Galaxy S20 Ultra, Galaxy Note20 Ultra និង Galaxy Z Fold2 ដែលអាចនឹងប្រើប្រាស់បាននៅមុនខែកក្កដា ឆ្នាំ២០២២ នេះ៕
ប្រភព៖ GSMArena

Post a Comment