លោក Elon Musk បាននិយាយថា ការកាន់កាប់ក្រុមហ៊ុន Twitter ត្រូវបានផ្អាក ប៉ុន្តែលោកនឹងប្តេជ្ញាចិត្តទិញយកក្រុមហ៊ុននេះឱ្យបាន
នៅពេលដែលលោក Elon Musk បានប្រកាសថា លោកបានទិញយកក្រុមហ៊ុនបណ្តាញសង្គមយក្ស Twitter រឿងនោះបានក្លាយជារឿងដ៏ពេញនិយមដែលត្រូវបានគេលើកយកមកនិយាយនៅលើពាសពេញបណ្តាញអ៊ីនធឺរណិត។
ឥឡូវនេះ រឿងដែលគួរឱ្យភ្ញាក់ផ្អើលក៏បានកើតមានឡើងម្តងទៀត ដោយលោក Elon Musk បានបង្ហាញថា កិច្ចព្រមព្រៀងរវាងលោក និងក្រុមហ៊ុន Twitter ត្រូវបានផ្អាកជាបណ្ដោះអាសន្នសិន។ បន្ថែមពីនេះ ការគណនារកគណនី Spam និងគណនី Twitter ក្លែងក្លាយ ត្រូវបានរកឃើញប្រមាណជាជាង 5% នៃចំនួនអ្នកប្រើប្រាស់សរុប។
បើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅដើមខែនេះបានឱ្យដឹងថា ក្រុមហ៊ុន Twitter បាននិយាយថា ខ្លួនបានប៉ាន់ស្មានចំនួនគណនី Spam និងគណនីក្លែងក្លាយមានតិចជាង 5% នៃចំនួនអ្នកប្រើប្រាស់សរុប ប៉ុន្តែលោក Elon Musk បាននិយាយថា លោកមិនជឿថាចំនួនគណនី Twitter ក្លែងក្លាយ និងចំនួនគណនី Spam មានត្រឹមតែ 5% នេះនោះទេ។
ជាក់ស្តែង បើសិនជាចំនួនគណនី Spam និងគណនីក្លែងក្លាយមានកាន់តែច្រើន ដូចនេះតម្លៃរបស់ក្រុមហ៊ុន Twitter ដែលនឹងត្រូវលក់ទៅឱ្យលោក Elon Musk ក៏នឹងត្រូវចុះថ្លៃទៅតាមនឹងដែរ។
តាមការពិតទៅ លោក Elon Musk បានយល់ព្រមជាមួយនឹងសំណើរក្នុងតម្លៃ 44 ពាន់លានដុល្លាររួចមកហើយ ប៉ុន្តែយើងមិនច្បាស់ថាមានរឿងអ្វីកើតឡើងឱ្យប្រាកដទៅលើក្រុមហ៊ុន Twitter នោះទេ ដោយព័ត៌មានដែលត្រូវបានចុះផ្សាយទាំងអស់នេះ ក៏បានធ្វើឱ្យភាគហ៊ុនរបស់ក្រុមហ៊ុន Twitter ធ្លាក់ចុះផងដែរ។
បើទោះបីជាយ៉ាងណាក៏ដោយ លោក Elon Musk នៅតែប្តេជ្ញាចិត្តក្នុងការទិញយកក្រុមហ៊ុន Twitter ដដែល ដូចនេះយើងមានតែត្រូវរង់ចាំតាមដានបន្តទៀតថារឿងមួយនេះនឹងទៅជាយ៉ាងណា៕
ប្រភព៖ GSMArena


Post a Comment