ក្រុមហ៊ុន Apple នឹងបញ្ចេញនាឡិកាឆ្លាតវៃ Apple Watch Pride Edition ក្នុងពេលឆាប់ៗនេះ
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមហ៊ុន Apple បានដាក់បញ្ចេញត្រកូល Pride Edition សម្រាប់នាឡិកាឆ្លាតវៃ Apple Watch របស់ខ្លួននៅក្នុងខែឧសភា ដើម្បីអបអរដល់ខែ Pride Month (ជាខែដែលគេប្រារព្ធឡើងដើម្បីបង្ហាញពីសេចក្តីស្រឡាញ់ដោយមិនប្រកាន់ភេទ ឬ ជាការគាំទ្រ និងអបអរសាទរដល់អ្នកដែលស្រឡាញ់ភេទដូចគ្នា)។
ក្រុមហ៊ុន Apple ពុំទាន់បានបញ្ជាក់ពីការបញ្ចេញនាឡិកា Apple Watch Pride Edition នៅឡើយនោះទេ ប៉ុន្តែបើយោងតាមលោក Mark Gurman បានបង្ហាញថា ត្រកូល Pride Edition នឹងមកដល់នៅលើនាឡិកាឆ្លាតវៃ Watch Series 7 នៅចុងសប្តាហ៍នេះ។
លោក Gurman បានអះអាងថាក្រុមហ៊ុន Apple នឹងដាក់បញ្ចេញលក់នាឡិកា Apple Watch Pride Edition ជាផ្លូវការនៅក្នុងពេលឆាប់ៗនេះ ប៉ុន្តែលោកមិនបានដឹង ឬ បង្ហាញពីកាលបរិច្ឆេទច្បាស់លាស់នោះទេ។
នេះមិនមែនជាលើកទីមួយនោះទេដែលក្រុមហ៊ុន Apple ដាក់បញ្ចេញនាឡិកាឆ្លាតវៃ Apple Watch របស់ខ្លួនជាមួយនឹងជំនាន់ពិសេស (Special Edition) ដោយកាលពីឆ្នាំមុន ក្រុមហ៊ុន Apple បានបញ្ចេញនាឡិកា Watch Series 6 Black Unity limited edition និងនៅឆ្នាំនេះ យើងក៏កំពុងតែលេចលឺថានាឡិកា Apple Watch Pride Edition ក៏កំពុងតែជិតបង្ហាញខ្លួនផងដែរ៕
ប្រភព៖ GSMArena

Post a Comment