WhatsApp កំពុងដាក់បញ្ចូលមុខងារលាក់ Last Seen នៅក្នុងកម្មវិធីរបស់ខ្លួន

នៅក្នុងសប្តាហ៍នេះ WhatsApp បានបញ្ចេញនូវមុខងារ Emoji Reaction ថ្មី ហើយឥឡូវនេះ ក្រុមហ៊ុន WhatsApp ហាក់បីដូចជាកំពុងតែព្យាយាមដាក់បញ្ចេញនូវមុខងារថ្មីផ្សេងទៀតសម្រាប់កម្មវិធីរបស់ខ្លួន ដើម្បីបង្កើននូវភាពងាយស្រួលនៅក្នុងការប្រើប្រាស់ ក៏ដូចជាចង់បង្កើននូវជម្រើសច្រើនបែបនៅក្នុងការប្រើប្រាស់ផងដែរ។

ជាមួយនឹងកំណែអាប់ដេតជំនាន់សាកល្បងចុងក្រោយបង្អស់សម្រាប់ប្រព័ន្ធប្រតិបត្តិការ IOS ក្រុមហ៊ុន WhatsApp បានបន្ថែមនូវជម្រើសដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ អាចធ្វើការកំណត់ការលាក់ Last Scene សម្រាប់អ្នកប្រើប្រាស់មួយចំនួនដែលអ្នកមាន Contact របស់ពួកគេបាន នេះបើយោងតាម WABetaInfo។


បើសិនជាអ្នកពុំទាន់យល់ច្បាស់អំពីមុខងារនេះទេ មុខងារ Last Seen នឹងបង្ហាញទៅដល់អ្នកប្រើប្រាស់ដ៏ទៃដែលមាន Contact របស់អ្នកឱ្យដឹងថាតើអ្នកបានឈប់ប្រើប្រាស់កម្មវិធី WhatsApp នៅពេលណា បានប៉ុន្មានម៉ោង ឬប៉ុន្មាននាទី។ ហើយឥឡូវនេះ ដោយសារតែកំណែអាប់ដេតថ្មី អ្នកអាចធ្វើការលាក់ Last Seen មិនឱ្យអ្នកប្រើប្រាស់តែម្នាក់ដឹង ឬលាក់សម្រាប់អ្នកប្រើប្រាស់ទាំងអស់បាន ដោយគ្រាន់តែចូលទៅកំណត់នៅក្នុង Settings ជាការស្រេច។

ដូចដែលបានរៀបរាប់ពីខាងលើ កំណែអាប់ដេតជំនាន់សាកល្បង 22.9.0.70 សម្រាប់ប្រព័ន្ធប្រតិបត្តិការ IOS បានបន្ថែមមកជាមួយនឹងមុខងារថ្មីមួយហៅថា “My Contacts Except...” ដែលជាមុខងារអនុញ្ញាតឱ្យអ្នកប្រើប្រាស់ធ្វើការកំណត់ការលាក់ Last Seen របស់ខ្លួនបានសម្រាប់អ្នកប្រើប្រាស់តែម្នាក់ ឬសម្រាប់តែអ្នកប្រើប្រាស់ដែលអ្នកចង់លាក់។ បើយោងតាម WABetaInfo នៅពេលដែលអ្នកលាក់ Last Seen សម្រាប់តែបុគ្គលហើយ នោះអ្នកក៏មិនអាចឃើញ Last Seen របស់បុគ្គល ឬអ្នកប្រើប្រាស់នោះបានដែរ៕


ប្រភព៖ Engadget

Post a Comment

To Top