ទូរស័ព្ទដែលអាចបត់បាន vivo X Fold នឹងបំពាក់មកជាមួយបច្ចេកវិទ្យាស្កេនស្នាមក្រយ៉ៅដៃក្រោមអេក្រង់ទាំងសងខាង

ក្រុមហ៊ុន Vivo បានត្រៀមខ្លួននាំយកទូរស័ព្ទដៃ ឬអាចហៅបានថាជាថេប្លេតដែលមានអេក្រង់បត់របស់ខ្លួន ចូលទៅក្នុងទីផ្សារទូរស័ព្ទដៃអេក្រង់បត់របស់ប្រទេសចិនហើយ។

ថេប្លេតអេក្រង់បត់ vivo X Fold បំពាក់មកជាមួយអេក្រង់ AMOLED ខាងក្រៅដែលមានទំហំ 6.52 អុីង និងមានអេក្រង់ខាងក្នុងដែលអាចបត់បានទំហំ 8.03 អុីង (1800×2200px LTPO2 inner AMOLED E5 display)។ អេក្រង់ទាំងពីរ ទាំងខាងមុខ និងខាងក្រោយសឹតសឹងតែបំពាក់មកជាមួយបច្ចេកវិទ្យាអូសបញ្ជាអេក្រង់ 120Hz គួបផ្សំជាមួយនឹងបច្ចេកវិទ្យា HDR10+ ផងដែរ។


អេក្រង់ដែលអាចបត់បាននេះ គឺជាប្រភេទអេក្រង់ SCHOTT UTG ដែលជាបន្ទះអេក្រង់ដែលមានសភាពស្តើងបំផុតរបស់ក្រុមហ៊ុន Samsung។ អេក្រង់នេះទៀតសោត បំពាក់មកជាមួយនឹងបច្ចេកវិទ្យាស្កេនក្រយ៉ៅដៃក្រោមអេក្រង់ Ultrasonic ទាំងសងខាង (ទាំងអេក្រង់ខាងមុខ និងអេក្រង់ខាងក្រោយ) នឹងត្រូវបានទទួលចំណាត់ថ្នាក់ A+ ពី Display Mate ផងដែរ។



ថេប្លេតដែលមានអេក្រង់អាចបត់បាននេះ បំពាក់មកជាមួយបន្ទះឈីប Snapdragon 8 Gen 1 ដែលមានរ៉េមទំហំ 12GB។ ចំពោះកម្លាំងថាមពលថ្ម វាបំពាក់មកជាមួយកម្លាំងថាមពលថ្មទំហំ 4,600mAh ដែលអាចគាំទ្របច្ចេកវិទ្យាសាកថ្មល្បឿនលឿនកម្លាំង 66W តាមរយៈខ្សែសាក និងបើយោងតាមការផ្សាយរបស់ក្រុមហ៊ុន Vivo ទូរស័ព្ទមួយនេះអាចបញ្ចូលទឹកពី 0% ទៅ 100% បានដោយចាយពេលត្រឹមតែ 37 នាទីប៉ុណ្ណោះ។ បន្ថែមពីនេះ ទូរស័ព្ទ vivo X Fold ក៏អាចទ្រទ្រង់បច្ចេកវិទ្យាសាកថ្មឥតខ្សែល្បឿនលឿនកម្លាំង 50W និងអាចសាកថ្មឱ្យឧបករណ៍ឥតខ្សែដ៏ទៃទៀត (Reverse Wirelessly Charge) នៅក្នុងកម្លាំង 10W ផងដែរ។


ចំពោះផ្នែកកាមេរ៉ាវិញ ទូរស័ព្ទ vivo X Fold បំពាក់មកជាមួយនឹងកញ្ចប់កាមេរ៉ា 4 គ្រាប់ខាងក្រោយ ដែលកាមេរ៉ាគោលមានទំហំ 50 មេហ្កាភិចស៊ែល ដែលមាន OIS, លេនកាមេរ៉ា 12 មេហ្កាភិចស៊ែលជាលេនកាមេរ៉ាដែលអាចថតហ្ស៊ូមបាន, លេនកាមេរ៉ា 5x Periscope ដែលប្រើសម្រាប់ការថតហ្ស៊ូមឌីជីថល 60 ដង និងលេនកាមេរ៉ាទំហំ 48 មេហ្កាភិចស៊ែលជាលេន Ultrawide ដែលប្រើសម្រាប់ថតរូបភាពដែលមានផ្ទៃចង្អៀត ឬថតរូបភាពកោងខ្លាំង។

សម្រាប់កាមេរ៉ាស៊ែលហ្វីវិញ ទូរស័ព្ទអេក្រង់បត់មួយនេះ បំពាក់មកជាមួយនឹងកាមេរ៉ាស៊ែលហ្វីពីរ ដែលមួយជាកាមេរ៉ានៅខាងក្នុង និងមួយទៀតស្ថិតនៅខាងក្រៅ (សំដៅលើកញ្ចប់កាមេរ៉ាខាងក្រោយដែលអាចប្រើសម្រាប់ថតស៊ែលហ្វីបាន)។

ទូរស័ព្ទ ឬថេប្លេតអេក្រង់បត់ vivo X Fold នឹងចេញដាក់លក់ដំបូងនៅក្នុងទីផ្សារប្រទេសចិន ជាមួយនឹងជម្រើសពណ៌ខ្មៅ ខៀវ និងពណ៌ប្រផេះ ដែលមានតម្លៃចាប់ពី CNY 8,999 (€1,300/$1,415) ឡើងទៅ៕


ប្រភព៖ GSMArena

Post a Comment

To Top