ទូរស័ព្ទ Vivo S15e ត្រូវបានបញ្ជាក់ថានឹងមកដល់ជាមួយបច្ចេកវិទ្យាសាកថ្មល្បឿនលឿនកម្លាំង 66W
ដើម្បីបំបាត់នូវការលេចលឺនៃពាក្យចចាមអារ៉ាមតទៅទៀត ក្រុមហ៊ុន Vivo បានបញ្ជាក់នូវព័ត៌មានលម្អិតមួយចំនួនទាក់ទងទៅនឹងទូរស័ព្ទត្រកូល Vivo S15e របស់ខ្លួន ដែលនឹងមកដល់នាពេលខាងមុខ។ ទូរស័ព្ទ Vivo S15e នឹងធ្វើការបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃទី២៥ ខែមេសា នៅវេលាម៉ោង 7 យប់ (ម៉ោងនៅក្នុងប្រទេសចិន) នេះបើយោងតាមការបញ្ជាក់របស់ក្រុមហ៊ុន Vivo។
ទូរស័ព្ទ Vivo S15e នឹងបំពាក់មកជាមួយកម្លាំងថាមពលថ្មទំហំ 4,700 mAh ដែលអាចគាំទ្របច្ចេកវិទ្យាសាកថ្មល្បឿនលឿនកម្លាំង 66W របស់ក្រុមហ៊ុន Vivo បាន។ ចំពោះផ្នែកកម្លាំងម៉ាសុីន ទូរស័ព្ទមួយនេះត្រូវបានបំពាក់មកជាមួយបន្ទះឈីបទំហំ 5nm ដែលមិនទាន់បានបង្ហាញឈ្មោះ អមមកជាមួយនឹងរ៉េមទំហំ 12GB និងអង្គផ្ទុកទិន្នន័យទំហំ 256GB។ ប្រភពព័ត៌មានបែកធ្លាយមួយចំនួនបាននិយាយថា វាអាចនឹងប្រើប្រាស់បន្ទះឈីប Exynos 1080 ដែលដូចទៅនឹងទូរស័ព្ទត្រកូល X70 និង X60 ដែរ។
សម្រាប់ការថតរូប ទូរស័ព្ទ Vivo S15e បំពាក់មកជាមួយនឹងកាមេរ៉ាស៊ែលហ្វីមួយគ្រាប់ដែលមានទំហំ 50 មេហ្កាភិចស៊ែល ដែលបើមើលទៅតាមរូបភាព វាមានការរចនាកាមេរ៉ាបែបដំណក់ទឹក ដោយមិនប្រើប្រាស់ការរចនាកាមេរ៉ាទម្លុះអេក្រង់ដែលជាការរចនាពេញនិយមនាឆ្នាំ២០២២ នេះឡើយ។
ក្រុមហ៊ុន Vivo នឹងដាក់បើកឱ្យបញ្ជាទិញទូរស័ព្ទមួយនេះនៅថ្ងៃទី២៥ ខែមេសា ដែលបើយោងតាមរូបភាព ទូរស័ព្ទ Vivo S15e អាចនឹងបង្ហាញខ្លួនជាមួយនឹងជម្រើសពណ៌ចំនួនបី៕
ប្រភព៖ GSMArena



Post a Comment