ក្រុមហ៊ុន Snap បញ្ចេញ Drone ប្រើសម្រាប់ថតស៊ែលហ្វីក្នុងតម្លៃ $230
បន្ទាប់ពីមានពាក្យចចាមអារ៉ាមលេចលឺក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ឥឡូវក្រុមហ៊ុន Snap បានបញ្ចេញជាផ្លូវការនូវយន្តហោះ Drone ដែលប្រើសម្រាប់ថតរូបភាពស៊ែលហ្វីដំបូងបង្អស់របស់ខ្លួនហើយ។ យន្តហោះ Drone ដែលមានទំហំប៉ុនហោប៉ៅខោនេះ មានឈ្មោះថា Pixy។
យន្តហោះ Drone Pixy គឺជាយន្តហោះដ្រូនដែលមានរូបរាងតូច និងមានភាពងាយស្រួលនៅក្នុងការដំឡើង ហើយវាពុំមានភ្ជាប់មកជាមួយនឹងឧបករណ៍សម្រាប់បញ្ជានោះទេ។ ជំនួសមកវិញ អ្នកមានជម្រើសនៅក្នុងការជ្រើសរើសរបៀបនៃការបង្ហោះដ្រូន Pixy បានចំនួន 4 របៀប ដោយការចុចទៅលើប៊ូតុង។
ដ្រូន Pixy អាចហោះនៅក្នុងគន្លងដែលអ្នកបានកំណត់ ឬក៏អាចហោះតាមអ្នកផ្ទាល់បានផងដែរ។ នៅពេលដែលអ្នកឈប់ប្រើប្រាស់ដ្រូននេះហើយ វានឹងហោះមកចុះនៅលើដៃរបស់អ្នកតាមរយៈការកំណត់នៅក្នុង Settings។ យន្តហោះដ្រូន Pixy ក៏នឹងបញ្ជូនរូបភាពដែលអ្នកបានថតទៅកាន់ Snapchat Memories នៅក្នុងកម្មវិធី Snapchat ដោយស្វ័យប្រវត្តិផងដែរ។
ជាការពិតណាស់ អ្នកប្រើប្រាស់ក៏អាចធ្វើការលម្អរូបភាពរបស់ខ្លួនតាមរយៈការបន្ថែម Lenses និងសម្លេង មុនពេលដែលអ្នកចែករំលែកវានៅក្នុងកម្មវិធី Snapchat ឬកម្មវិធីផ្សេងៗទៀត។ យន្តហោះដ្រូន Pixy ដែលប្រើសម្រាប់ថតស៊ែលហ្វីត្រូវបានដាក់លក់នៅក្នុងតម្លៃ $230 ដែលឥឡូវនេះមានដាក់លក់នៅក្នុងប្រទេសបារាំង និងសហរដ្ឋអាមេរិកហើយ៕
ប្រភព៖ Engadget

Post a Comment