ទូរស័ព្ទ Red Magic 7 Pro “Gaming Beast“ របស់ក្រុមហ៊ុន nubia នឹងចេញលក់ជាផ្លូវការនៅថ្ងៃទី១២ ខែមេសា នេះ
nubia ដែលជាក្រុមហ៊ុនផលិតទូរស័ព្ទដៃ Gaming ត្រកូល Red Magic គ្រោងនឹងបើកសម្ពោធការដាក់បង្ហាញទូរស័ព្ទដៃត្រកូល Red Magic 7 Pro របស់ខ្លួននៅថ្ងៃទី១២ ខែមេសា នៅវេលាម៉ោង ៧ ព្រឹក EST។ ទូរស័ព្ទ Red Magic 7 Pro ភ្ជាប់មកជាមួយនឹងរហស្សនាមថ្មីមួយទៀតគឺ “Gaming Beast” ដែលបង្ហាញពីផ្នែកមួយនេះ Red Magic Stable។
បន្ថែមពីនេះ ក្រុមហ៊ុន nubia ក៏ធ្លាប់បានសន្យាថាខ្លួននឹងនាំយកទូរស័ព្ទដៃ Gaming Red Magic 7 Pro មកកាន់ទីផ្សារអន្តរជាតិនៅក្នុងត្រីមាសទី២នៃឆ្នាំ២០២២ នេះផងដែរ។ ជាក់ស្តែង ត្រីមាសទី២នឹងចាប់ផ្តើមពីខែមេសា ដល់ខែមិថុនា ហើយឥឡូវនេះ ក្រុមហ៊ុន nubia ក៏បានសម្រេចចិត្តដាក់លក់ទូរស័ព្ទ nubia Red Magic 7 Pro ជាសាកលនៅខែមេសា ដែលជាខែដំបូងនៃត្រីមាសទី២ផ្ទាល់តែម្តង។
យើងអាចនឹងរំពឹងថា ក្រុមហ៊ុន nubia នឹងនាំយកទូរស័ព្ទដៃត្រកូល Red Magic 7 ធម្មតាមកជាមួយផងដែរ ដែលយើងធ្លាប់បានឃើញជំហានមួយនេះកាលពីប៉ុន្មានខែមុន។
ចំពោះលក្ខណៈសម្បត្តិត្រួសៗ ទូរស័ព្ទដៃ Gaming Red Magic 7 Pro នឹងបំពាក់មកជាមួយអេក្រង់ AMOLED ទំហំ 6.5 អ៊ីញ ដែលមានកម្រិតបង្ហាញ 1080x2400 បូកផ្សំជាមួយនឹងល្បឿនអូសបញ្ជាអេក្រង់ 120Hz។ សម្រាប់ផ្នែក Hardware វិញ ទូរស័ព្ទមួយនេះបំពាក់មកជាមួយបន្ទះឈីប Snapdragon ជំនាន់ទី១ និងមានជម្រើសរ៉េស 8GB, 12GB និង 16GB អមមកជាមួយទំហំអង្គផ្ទុកទិន្នន័យ 128GB, 256GB, 512GB និងទំហំ 1TB។
ផ្នែកខ្លាំងនៃកម្លាំងម៉ាសុីនមិនមែនជាចំណុចល្អតែម្យ៉ាងរបស់ទូរស័ព្ទមួយនេះនោះទេ ដោយ Red Magic 7 Pro បំពាក់មកជាមួយកម្លាំងថាមពលថ្មទំហំ 5,000 mAh បូករួមជាមួយនឹងបច្ចេកវិទ្យាសាកថ្មល្បឿនលឿនរហូតដល់ទៅកម្លាំង 135W ដែលអាចបញ្ចូលទឹកពី 0% រហូតដល់ទៅ 100% ដោយចំណាយពេលត្រឹមតែ 15 នាទីប៉ុណ្ណោះ។
ក្រុមហ៊ុន nubia ក៏បានបំពាក់កង្ហារបន្សាបកម្តៅមកជាមួយនឹងទូរស័ព្ទ Red Magic 7 Pro ស្រាប់ផងដែរ ដែលអាចអនុញ្ញាតឱ្យអ្នកធ្វើការលេងហ្គេមបានរយៈពេលយូរ និងមិនឆាប់ឡើងកម្តៅ៕
ប្រភព៖ GSMArena


Post a Comment