ទូរស័ព្ទត្រកូល Realme Q5 នឹងគាំទ្រជាមួយបច្ចេកវិទ្យាសាកថ្មល្បឿនលឿនកម្លាំង 80W
បើយោងតាមការបង្ហោះនៅលើគេហទំព័រ Weibo បានឱ្យដឹងថា ទូរស័ព្ទត្រកូល Realme Q5 គ្រោងនឹងបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃទី២០ ខែមេសា នៅក្នុងប្រទេសចិន ដែលនឹងបំពាក់មកជាមួយបច្ចេកវិទ្យាសាកថ្មល្បឿនលឿនកម្លាំង 80W SuperDart។
ក្រុមហ៊ុន Realme ពុំទាន់បានធ្វើការបញ្ជាក់នៅឡើយទេថា ទូរស័ព្ទត្រកូល Realme Q5 ដែលនឹងបង្ហាញខ្លួននាថ្ងៃព្រហស្បតិ៍សប្តាហ៍ក្រោយនោះមានចំនួនប៉ុន្មានគ្រឿង ប៉ុន្តែយើងអាចដឹងបានខ្លះៗថា ក្រុមហ៊ុន Realme អាចនឹងបញ្ចេញនូវប្រភេទម៉ូដែលធម្មតា និងម៉ូដែល Pro។ អ្វីដែលយើងមិនទាន់អាចប្រាកដបានទៀតនោះគឺ យើងមិនអាចដឹងបានទេថាបច្ចេកវិទ្យាសាកថ្មល្បឿនលឿនកម្លាំង 80W នោះមានបំពាក់មកជាមួយនឹងទូរស័ព្ទ Realme Q5 ម៉ូដែលធម្មតាដែរ ឬក៏មានសម្រាប់តែម៉ូដែល Pro។
បន្ថែមពីនេះ ក្រុមហ៊ុន Realme ក៏បានបង្ហោះនូវរូបភាព Poster មួយសន្លឹកអំពីទូរស័ព្ទត្រកូល Q5 ផងដែរ ដែលបើយោងទៅតាមរូបភាពមួយនោះ យើងអាចដឹងបានថា ទូរស័ព្ទត្រកូល Realme Q5 នឹងបំពាក់មកជាមួយកាមេរ៉ាខាងមុខទម្លុះអេក្រង់ មាន Speaker ចំនួនមួយគ្រាប់ មានបន្ទះដាក់សុីមកាតនៅផ្នែកខាងក្រោម បូករួមជាមួយនឹងរន្ធស្រូបសម្លេងនៅផ្នែកខាងក្រោមដូចគ្នា។
ទូរស័ព្ទត្រកូល Realme Q5 ក៏ទំនងជាបំពាក់មកជាមួយបច្ចេកវិទ្យាដោះសោរតាមរយៈការស្កេនស្នាមក្រយ៉ៅក្រោមអេក្រង់ផងដែរ៕
ប្រភព៖ GSMArena


Post a Comment