ទូរស័ព្ទ OnePlus 10 នឹងបំពាក់មកជាមួយបន្ទះឈីប Dimensity 9000 និងបច្ចេកវិទ្យាសាកថ្មល្បឿនលឿនកម្លាំង 150W
ក្រុមហ៊ុន OnePlus គ្រោងនឹងបញ្ចេញទូរស័ព្ទនៃខ្សែស្រឡាយត្រកូល OnePlus 10 របស់ខ្លួននាពេលខាងមុខ ដែលមានម៉ូដែល OnePlus 10 Pro ជាម៉ូដែលដែលលេចធ្លោជាងគេ។ យ៉ាងណាម៉ិញ ឆ្លៀតឱកាសដែលព័ត៌មានរបស់ទូរស័ព្ទត្រកូល Pro កំពុងតែស្ថិតនៅក្នុងភាពអាថ៌កំបាំងនៅឡើយ ដូចនេះយើងនឹងនិយាយពីទូរស័ព្ទ OnePlus 10 ម៉ូដែលធម្មតាសិន។
បើយោងតាមការរាយការណ៍ពី Digit India និង OnLeaks បានឱ្យដឹងថា ទូរស័ព្ទ OnePlus 10 នឹងគាំទ្រមកជាមួយបច្ចេកវិទ្យាសាកថ្មល្បឿនលឿនរហូតដល់ទៅកម្លាំង 150W។ ចំពោះផ្នែក Hardware ទូរស័ព្ទ OnePlus 10 ម៉ូដែលធម្មតាអាចនឹងបំពាក់មកជាមួយរ៉េមទំហំ 8GB ឬ 12GB បូករួមជាមួយនឹងទំហំអង្គផ្ទុកទិន្នន័យ 128GB ឬ 256GB។
សម្រាប់បន្ទះបង្ហាញវិញ ទូរស័ព្ទ OnePlus 10 នឹងបំពាក់មកជាមួយប្រភេទបន្ទះអេក្រង់ LTPO2 AMOLED ដែលមានទំហំ 6.7អុីញ និងមានកម្រិតបង្ហាញ FHD+។ អេក្រង់ LTPO2 AMOLED នេះក៏នឹងគាំទ្រមកជាមួយបច្ចេកវិទ្យាអូសបញ្ជាអេក្រង់ល្បឿនលឿន 120Hz Refresh Rate ផងដែរ។
ដូចដែលបានបញ្ជាក់ពីខាងលើ ទូរស័ព្ទម៉ូដែលមិន Pro មួយនេះនឹងគាំទ្រមកជាមួយបច្ចេកវិទ្យាសាកថ្មល្បឿនលឿនកម្លាំង 150W ជាមួយនឹងកម្លាំងថាមពលទំហំ 4,800 mAh។ ឆ្នាំងសាកល្បឿនលឿនកម្លាំង 65W និង 80W SuperVOOC របស់ក្រុមហ៊ុន OnePlus អាចបញ្ចូលទឹកទូរស័ព្ទ OnePlus 10 Pro ពី 0% ទៅ 100% ដោយចាយពេលត្រឹមតែ 30 នាទីប៉ុណ្ណោះ។ សម្រាប់ឆ្នាំងសាកដែលមានកម្លាំង 150W វិញ អាចនឹងបញ្ចូលទឹកទូរស័ព្ទដៃត្រកូល OnePlus 10 ក្រោមរយៈពេល 20 នាទីប៉ុណ្ណោះ។
ចំពោះប្រភេទបន្ទះឈីបវិញ ប្រភពខាងលើបានលើកឡើងថា ក្រុមហ៊ុន OnePlus កំពុងតែសាកល្បងទៅលើបន្ទះឈីបចំនួនពីរប្រភេទ ដោយទូរស័ព្ទ OnePlus 10 អាចនឹងបំពាក់មកជាមួយបន្ទះឈីប Snapdragon 8 Gen 1+ ឬក៏អាចជាបន្ទះឈីប Dimensity 9000។
បើទោះបីជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន OnePlus ពុំទាន់បានបញ្ចេញនូវព័ត៌មានផ្លូវការណាមួយអំពីទូរស័ព្ទត្រកូល OnePlus 10 របស់ខ្លួននៅឡើយនោះទេ ដូចនេះសម្រាប់ព័ត៌មានបន្ថែមយើងមានតែត្រូវរងចាំរហូតដល់ក្រុមហ៊ុន OnePlus សម្រេចដាក់បញ្ចេញវាលក់ជាផ្លូវការ៕
ប្រភព៖ GSMArena

Post a Comment