ក្រុមហ៊ុន Microsoft បានផ្លាស់ប្ដូរឈ្មោះ Your Phone ទៅ Phone Link និងបានប្រកាសភាពជាដៃគូជាមួយនឹងក្រុមហ៊ុន Honor
អស់រយៈពេលជាច្រើនឆ្នាំមកហើយដែលក្រុមហ៊ុន Microsoft បានផ្តល់នូវមុខងារ Your Phone ដែលជាមុខងារអនុញ្ញាតឱ្យអ្នកអាចធ្វើការភ្ជាប់ទូរស័ព្ទដៃ Android របស់អ្នកជាមួយនឹងកំព្យូទ័រ Desktop ឬកុំព្យូទ័រយួរដៃទាំងឡាយដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Windows 10 បាន ហើយឥឡូវនេះ ក្រុមហ៊ុន Microsoft ក៏បានធ្វើបច្ចុប្បន្នភាពមុខងារមួយនេះ និងនាំយកវាទៅកាន់ប្រព័ន្ធប្រតិបត្តិការ Windows 11 ផងដែរ។
កម្មវិធីភ្ជាប់ពីទូរស័ព្ទទៅកាន់កំព្យូទ័រថ្មី “Phone Link” និងនាំមកជាមួយនឹងមុខងារប្រទាក់ថ្មីៗ និងការជូនដំណឹងជាងមុន។ ក្រុមហ៊ុន Microsoft បានប្រកាសថា មុខងារនេះនឹងមាននៅក្នុងប្រទេសចិន បន្ទាប់ពីមានកិច្ចសហការជាមួយនឹងក្រុមហ៊ុនផលិតទូរស័ព្ទដៃរបស់ប្រទេសចិន Honor។
ឥឡូវនេះ ប្រព័ន្ធប្រតិបត្តិការ Windows 11 ថ្មីអនុញ្ញាតឱ្យអ្នកធ្វើការភ្ជាប់ទូរស័ព្ទដៃរបស់អ្នក ទៅកាន់កំព្យូទ័រដោយគ្រាន់តែការស្កេននូវ QR Code ប៉ុណ្ណោះដោយវានឹងធ្វើការទាញយកកម្មវិធីដោយស្វ័យប្រវត្តិ។ ចំពោះកំព្យូទ័រវិញ អ្នកត្រូវតែធ្វើការទាញយកវាដោយខ្លួនឯងនៅក្នុងកម្មវិធី Microsoft Store ហើយកម្មវិធីនេះទៀតសោតបានប្តូរឈ្មោះពី Phone Companion ទៅ Link to Windows។
ការផ្លាស់ប្ដូរឈ្មោះក៏ដូចជាធ្វើកំណែទម្រង់ថ្មីទៅលើកម្មវិធីភ្ជាប់ពីទូរស័ព្ទដៃទៅកាន់ប្រព័ន្ធប្រតិបត្តិការ
Windows នេះ បាននាំមកនូវការរចនាថ្មីៗជាច្រើន ហើយការភ្ជាប់ទូរស័ព្ទទៅកាន់ Windows ក៏កាន់តែមានភាពងាយស្រួល
និងស្គាល់ជាងមុនផងដែរ។ ក្រុមហ៊ុន Microsoft ក៏បានធ្វើការរចនាផ្លាស់ប្តូរពណ៌នៅក្នុងកម្មវិធីមួយនេះ
ដើម្បីឱ្យសុីគ្នាទៅនឹងការរចនារបស់ប្រព័ន្ធប្រតិបត្តិការ Windows 11 ដែរ៕
ប្រភព៖ GSMArena


Post a Comment