ក្រុមហ៊ុន Meta ត្រូវបានគេរាយការណ៍ថា ពួកគេកំពុងបង្កើតរូបិយប័ណ្ណ Zuck Bucks
ក្រុមហ៊ុន Meta ប្រហែលជាបានបោះបង់ចោលនូវរូបិយប័ណ្ណឌីជីថល Diem របស់ខ្លួន ប៉ុន្តែក្រុមហ៊ុនមួយនេះ ក៏កំពុងតែស្វែងរកផលិតផលហិរញ្ញវត្ថុថ្មីផងដែរ នេះបើយោងតាមការរាយការណ៍របស់សារព័ត៌មាន Financial Times។ ក្រុមហ៊ុនមេរបស់ក្រុមហ៊ុន Facebook និង Instagram ត្រូវបានគេរាយការណ៍ថាកំពុងតែបង្កើតនូវរូបិយប័ណ្ណនិម្មិតថ្មី ដែលក្រុមហ៊ុនក៏ដូចជាបុគ្គលិកនៅក្នុងក្រុមហ៊ុនឱ្យឈ្មោះថា Zuck Bucks។
រូបិយប័ណ្ណថ្មីដែលមានឈ្មោះថា Zuck Bucks នេះត្រូវបានយកលំនាំឈ្មោះចេញពីស្ថាបនិក ក៏ដូចជាប្រធាន និងនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Meta លោក Mark Zuckerberg។ គោលបំណងនៃការបង្កើតរូបិយប័ណ្ណនេះឡើងគឺដោយសារតែក្រុមហ៊ុន Meta ចង់មានប្រភេទរូបិយប័ណ្ណផ្ទាល់ខ្លួនសម្រាប់ប្រើប្រាស់នៅក្នុងកម្មវិធីរបស់ខ្លួន ដែលដូចទៅនឹងរូបិយប័ណ្ណ Robux នៅក្នុងហ្គេម Roblox អញ្ចឹងដែរ។
អ្នកនាំពាក្យរបស់ក្រុមហ៊ុន Meta គឺអ្នកស្រី Lauren Dickson បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់ The Verge ថា “យើងពុំទាន់មានព័ត៌មានថ្មីៗទាក់ទងទៅនឹងគម្រោងការមួយនេះនៅក្នុងថ្ងៃនេះនៅឡើយនោះទេ”។ អ្នកស្រី Lauren Dickson បានបន្ថែមថា “ពួកយើងនឹងបន្តពិចារណាទៅលើការកែច្នៃ ឬផលិតនូវផលិតផលថ្មីៗសម្រាប់អ្នកប្រើប្រាស់ ការធ្វើអាជីវកម្ម និងផ្តោតទៅលើអ្នកបង្កើត (Creators)។ អ្នកស្រី Lauren ក៏បានសន្យាផងដែរថា ក្នុងនាមជាក្រុមហ៊ុនបណ្តាញសង្គមដ៏ធំមួយ ពួកយើងនឹងផ្តោតទៅលើការបង្កើតពិភពពិតនិម្មិត Metaverse ដែលនឹងមានរួមបញ្ចូលជាមួយនឹងប្រព័ន្ធហិរញ្ញវត្ថុ និងការទូទាត់ប្រាក់ផងដែរ”។
យើងនឹងទន្ទឹងចាំមើលនូវរូបិយប័ណ្ណ Zuck Bucks ថាតើគម្រោងមួយនេះអាចសម្រេចបានទៅតាមគោលបំណងរបស់ក្រុមហ៊ុន Meta ដែរ ឬក៏អត់៕
ប្រភព៖ The Verge

Post a Comment