ទូរស័ព្ទ LG V60 ThinQ កំពុងតែទទួលបានកំណែអាប់ដេត Android 12 នៅក្នុងសហរដ្ឋអាមេរិក
ក្រុមហ៊ុន LG ប្រហែលជាបានដកខ្លួនចេញពីទីផ្សារផលិតស្មាតហ្វូនទាំងស្រុង ប៉ុន្តែក្រុមហ៊ុនកូរ៉េមួយនេះ មិនបោះបង់ចោលការគាំទ្រផ្នែក Software នោះទេ។ ដូច្នេះហើយ ក្រុមហ៊ុន LG បានប្រកាសថា ខ្លួននឹងធ្វើការទម្លាក់កំណែអាប់ដេត Android 12 ឬអាចឈានដល់ Android 13 ទៅលើម៉ូដែលមួយចំនួន និងចំពោះម៉ូដែល LG Velvet កំពុងតែចាប់ផ្ដើមទទួលបានកំណែអាប់ដេតជាបណ្តើរៗហើយ។
ឥឡូវនេះ ទូរស័ព្ទរបស់ក្រុមហ៊ុន LG មួយម៉ូដែលទៀត បាននឹងកំពុងទទួលបានកំណែអាប់ដេតទៅកាន់ប្រព័ន្ធប្រតិបត្តិការ Android 12 ហើយ ដោយយើងនិយាយពីទូរស័ព្ទ LG V60 ThinQ នៅក្នុងសហរដ្ឋអាមេរិក និងជាពិសេសគឺជាម៉ូដែលដែលត្រូវបានលក់ដោយ T-Mobile។ របាយការណ៍មួយចំនួនចេញមកពីកម្មវិធីបណ្តាញសង្គម Reddit បានឱ្យដឹងថា អ្នកប្រើប្រាស់មួយចំនួន បានទទួលនូវកំណែអាប់ដេត Android 12 ហើយ។
ការបញ្ចេញកំណែអាប់ដេតថ្មីនេះក៏ជាដំណឹងល្អមួយផងដែរ ប៉ុន្តែអ្វីដែលចំឡែកនោះគឺទូរស័ព្ទ LG V60 ThinQ មិនស្ថិតនៅក្នុងបញ្ជីឈ្មោះទូរស័ព្ទដែលនឹងទទួលបានកំណែអាប់ដេតថ្មីនោះទេ។ វាហាក់បីដូចជាក្រុមហ៊ុន LG ព្យាយាមធ្វើឱ្យអ្នកប្រើប្រាស់មានភាពភ្ញាក់ផ្អើលអញ្ចឹងដែរ។
យ៉ាងណាម៉ិញ កំណែអាប់ដេតថ្មីនេះនឹងនាំមកជាមួយអត្ថប្រយោជន៍ទាំងអស់ដែលមាននៅក្នុងប្រព័ន្ធប្រតិបត្តិការ Android 12 ដែលក្រុមហ៊ុន Google បានចេញផ្សាយកាលពីឆ្នាំមុន បូកផ្សំជាមួយនឹងការរចនាផ្ទៃប្រើប្រាស់តាមរសជាតិរបស់ក្រុមហ៊ុន LG ផងដែរ។ អ្នកប្រើប្រាស់ក៏នឹងទទួលបានកំណែអាប់ដេតប្រព័ន្ធសុវត្ថិភាព (Security Patch) សម្រាប់ខែមីនា ឆ្នាំ២០២២ នេះដែរ បើទោះបីជាវាមិនមែនជាកំណែអាប់ដេតនាពេលឥឡូវនេះក៏ដោយ ក៏វាជារឿងល្អមួយចេញពីក្រុមហ៊ុនទូរស័ព្ទដែលដកខ្លួនចេញពីការផលិតទូរស័ព្ទផងដែរ៕
ប្រភព៖ GSMArena

Post a Comment