មានពាក្យចចាមអារ៉ាមលេចលឺមកថា ទូរស័ព្ទ iPhone នាឆ្នាំ២០២៤ អាចនឹងបំពាក់មកជាមួយកាមេរ៉ាស៊ែលហ្វីក្រោមអេក្រង់
បើនិយាយពីកាមេរ៉ាក្រោមអេក្រង់ នាពេលឥឡូវនេះផ្ទាល់យើងពុំទាន់បានឃើញក្រុមហ៊ុនផលិតទូរស័ព្ទដៃណាមួយបាននាំយកបច្ចេកវិទ្យាមួយនេះមកបំពាក់នៅលើទូរស័ព្ទដៃរបស់ពួកគេនៅឡើយនោះទេ ដោយសារតែបញ្ហានៃគុណភាពរូបភាពដែលបានផលិតចេញពីកាមេរ៉ាក្រោមអេក្រង់នេះនៅមានកម្រិតនៅឡើយ។
បើទោះបីជាយ៉ាងណាក៏ដោយក៏លោក Ming-Chi Kuo បានជឿជាក់ថា ក្រុមហ៊ុន Apple កំពុងតែសិក្សាទៅលើរឿងមួយនេះផងដែរ។ លោក Ming-Chi Kuo បាននិយាយថា ក្រុមហ៊ុន Apple នឹងនាំយកបច្ចេកវិទ្យាបំពាក់កាមេរ៉ាស៊ែលហ្វីក្រោមអេក្រង់មកបំពាក់នៅលើទូរស័ព្ទដៃ iPhone ម៉ូដែលឆ្នាំ២០២៤ ជាមួយនឹងមុខងារដោះសោរ Face ID។
ដូចដែលបានលើកឡើងពីខាងលើ ការបំពាក់កាមេរ៉ាក្រោមអេក្រង់ក៏មាននូវចំណុចអវិជ្ជមានផងដែរ ដោយគុណភាពរូបភាពរបស់វាមិនមានគុណភាពច្បាស់ល្អបើប្រៀបធៀបទៅនឹងការថតរូបចេញពីកាមេរ៉ាធម្មតា។
យ៉ាងណាម៉ិញ ការលើកឡើងខាងលើគឺគ្រាន់តែជាការប៉ាន់ស្មានទុកជាមុនប៉ុណ្ណោះ ដោយក្រុមហ៊ុន Apple ផ្ទាល់ពុំទាន់បានធ្វើការបញ្ជាក់នៅឡើយនោះទេ ដូចនេះយើងមានតែត្រូវរង់ចាំមើលនៅក្នុងរយៈពេល ១៧ ខែបន្តទៅទៀត៕
ប្រភព៖ GSMArena

Post a Comment