Google កំពុងសិក្សាទៅលើមុខងារដាក់បញ្ចូលស៊ីមកាតពីរចូលទៅក្នុងប្រភេទ eSIM តែមួយនៅលើ Android 13

បើយោងតាមការចេញផ្សាយរបស់ Esper បានឱ្យដឹងថា ក្រុមហ៊ុន Google កំពុងធ្វើការទៅលើមុខងារថ្មីនៅក្នុងប្រព័ន្ធប្រតិបត្តិការ Android 13 ដោយវានឹងធ្វើការផ្លាស់ប្តូរចំពោះអ្នកដែលប្រើប្រាស់ស៊ីមពីរនៅក្នុងទូរស័ព្ទតែមួយ។ មុខងារថ្មីដែលក្រុមហ៊ុន Google កំពុងតែសិក្សាទៅលើនេះ អាចនឹងមានប្រយោជន៍សម្រាប់ក្រុមហ៊ុនផលិតទូរស័ព្ទក្នុងការរក្សាចន្លោះនៃស្មាតហ្វូនរបស់ពួកគេផងដែរ។

មុខងារដែលក្រុមហ៊ុន Google កំពុងសិក្សាទៅលើនោះមានឈ្មោះថា Multiple Enabled Profiles (MEP) ដោយក្រុមហ៊ុន Google ចង់ធ្វើការភ្ជាប់ក៏ដូចជាដាក់បញ្ចូលគ្នានូវប្រព័ន្ធស៊ីមកាតពីរ ទៅក្នុងប្រភេទ eSIM តែមួយ ដែលអ្នកប្រើប្រាស់មានភាពងាយស្រួលនៅក្នុងការផ្លាស់ប្តូរពីស៊ីមមួយទៅស៊ីមមួយ។


គំនិតនៃការដាក់បញ្ចូលគ្នារវាងស៊ីមកាតពីរចូលទៅក្នុងស៊ីមកាតឌីជីថលតែមួយនេះត្រូវបានគេរាយការណ៍ថា ក្រុមហ៊ុន Google បានផ្តួចផ្តើមនូវគំនិតមួយនេះចាប់តាំងពីឆ្នាំ២០២០ មកម្ល៉េះ។ ការរាយការណ៍មួយផ្សេងទៀតក៏បានបញ្ជាក់ផងដែរថា ក្រុមហ៊ុន Google ក៏ធ្លាប់បានធ្វើតេស្តសាកល្បងមុខងារមួយនេះនៅលើផ្នែក Hardware នៃទូរស័ព្ទត្រកូល Pixel របស់ខ្លួនផងដែរ។


បើសិនជាក្រុមហ៊ុន Google សិក្សាទៅលើមុខងារមួយនេះបានជោគជ័យមែន នោះទូរស័ព្ទស្មាតហ្វូនទាំងអស់នឹងមានចន្លោះផ្នែក Hardware ដែលអាចនាំយកចន្លោះដាក់ microSD កាតមកវិញ ក៏ដូចជាបង្កើនកម្លាំងថាមពលថ្មឱ្យធំជាងមុនផងដែរ។

ប្រភពដ៏គួរឱ្យទុកចិត្តមួយបានបង្ហាញថា មុខងារមួយនេះអាចនឹងនាំមកជាមួយប្រព័ន្ធប្រតិបត្តិការ Android 13 ប៉ុន្តែសម្រាប់ព័ត៌មានប្រាកដ យើងមានតែរងចាំតាមដានបន្តទៀត ឬក៏មានតែត្រូវរងចាំរហូតដល់ក្រុមហ៊ុន Google ទម្លាក់ប្រព័ន្ធប្រតិបត្តិការ Android 13 ជាផ្លូវការ៕


ប្រភព៖ GSMArena


Post a Comment

To Top