ជាផ្លូវការហើយ លោក Elon Musk បានទិញក្រុមហ៊ុន Twitter ក្នុងតម្លៃ 44 ពាន់លានដុល្លារ

នៅសប្តាហ៍មុន លោក Elon Musk បានធ្វើការប្រកាសការដេញថ្លៃរបស់ខ្លួនក្នុងការទិញយកក្រុមហ៊ុន Twitter ពេញសិទ្ធិ ប៉ុន្តែក្រុមហ៊ុន Twitter ហាក់បីដូចជាមិនចង់លក់នោះទេ។ យ៉ាងណាម៉ិញ បន្ទាប់ពីរយៈពេល ២ ទៅ ៣ ថ្ងៃកន្លងទៅ ការដេញថ្លៃក៏មានការផ្លាស់ប្តូរ ដោយលោកមហាសេដ្ឋី Elon Musk បានប្រកាសជាផ្លូវការថា ក្រុមហ៊ុន Twitter បានទទួលយកការដេញថ្លៃរបស់លោកហើយ។

បើយោងតាមសេចក្តីប្រកាសរបស់ក្រុមហ៊ុន Twitter បានឱ្យដឹងថា ក្រុមហ៊ុនបានចុះកិច្ចព្រមព្រៀងនៅក្នុងការលក់ និងប្រគល់សិទ្ធិគ្រប់គ្រងទៅកាន់លោក Elon Musk ទាំងស្រុងហើយ។ 


លោក Elon Musk បានដេញថ្លៃទិញយកក្រុមហ៊ុន Twitter ក្នុងតម្លៃ 44 ពាន់លានដុល្លារ ដែលជាចំនួនទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់។ ចាប់ពីពេលនេះតទៅក្រុមហ៊ុន Twitter នឹងក្លាយជាក្រុមហ៊ុនឯកជន ដោយលែងមានការជួញដូរភាគហ៊ុន នៅទីផ្សារហ៊ុនណាមួយទៀតឡើយ។


បន្ទាប់ពីការដេញថ្លៃទទួលបានជោគជ័យ លោក Elon Musk បាននិយាយថា លោកចង់ពង្រឹងកម្មវិធី Twitter ឱ្យកាន់តែល្អប្រសើរជាងមុន នាំយកនូវមុខងារថ្មីៗ ធ្វើឱ្យកម្មវិធី Twitter ក្លាយជាកម្មវិធីមានភាពបើកចំហរដើម្បីទទួលបានការជឿទុកចិត្ត (Open Source) និងជាពិសេសនោះគឺលោកចង់លុបបំបាត់ Spam Bots ចេញ៕


ប្រភព៖ GSMArena

Post a Comment

To Top