លោក Elon Musk និយាយថា រថយន្តអគ្គិសនី Tesla Cybertruck នឹងដាក់លក់នៅឆ្នាំ២០២៣

ទីបំផុត ក្រុមហ៊ុន Tesla គ្រោងនឹងដាក់លក់រថយន្តអគ្គិសនី Tesla Cybertruck របស់ខ្លួននាឆ្នាំ ២០២៣ ហើយ នេះបើយោងតាមការបញ្ជាក់របស់លោក Elon Musk នៅក្នុងកម្មវិធីបើកការសម្ពោធរោងចក្រ Giga Texas របស់ក្រុមហ៊ុន Tesla។

ក្នុងអំឡុងពេលនៃការធ្វើបទបង្ហាញរបស់លោកនៅលើឆាក លោក Elon Musk បានបង្ហាញពីរថយន្ត Cybertruck របស់ក្រុមហ៊ុន Tesla របស់លោក ប៉ុន្តែមិនដូចទៅនឹងរថយន្ត Cybertruck ដែលលោកធ្លាប់បានបង្ហាញកាលពីលើកមុនឡើយ ដោយលើកនេះរថយន្ត Cybertruck ពុំមានដៃទ្វារសម្រាប់ទាញបើកនោះទេ។


លោក Elon Musk ក៏បានធ្វើការសុំអភ័យទោសចំពោះការពន្យារពេលនៅក្នុងការដាក់បញ្ចេញលក់រថយន្តអគ្គិសនី Cybertruck ផងដែរ ដោយរថយន្តមួយនេះត្រូវបានដាក់បង្ហាញជាលើកដំបូងនៅក្នុងឆ្នាំ២០១៩ ហើយត្រូវបានកំណត់ការចេញលក់នៅក្នុងឆ្នាំ២០២១ ក៏ប៉ុន្តែក៏ត្រូវបានធ្វើការពន្យារពេលមកកាន់ឆ្នាំ២០២២ ហើយឥឡូវនេះ លោក Elon Musk ក៏បានធ្វើការបញ្ជាក់ជាលើកចុងក្រោយថា ក្រុមហ៊ុន Tesla នឹងដាក់លក់រថយន្តអគ្គិសនី Cybertruck នៅក្នុងឆ្នាំ២០២៣ វិញ។


ក្រុមហ៊ុន Tesla នឹងធ្វើការផលិតរថយន្តអគ្គិសនី Tesla Cybertruck របស់ខ្លួននៅក្នុងរោងចក្រ Texas Gigafactory ថ្មីរបស់ខ្លួន ដែលក្រុមហ៊ុនបានរំពឹងថា ជារោងចក្រដែលអាចផលិតរថយន្តអគ្គិសនី Tesla Cybertruck បានច្រើនគ្រឿង។


បន្ថែមពីនេះ ក្រុមហ៊ុន Tesla ក៏មានគម្រោងនៅក្នុងការបញ្ចេញរថយន្តអគ្គិសនី Tesla Semi EV នាឆ្នាំក្រោយផងដែរ និងមានផលិតផលផ្សេងទៀត ដែលក្រុមហ៊ុនពុំទាន់បានដាក់បង្ហាញ។ លោក Elon Musk បាននិយាយថា នៅឆ្នាំ២០២៣ ក្រុមហ៊ុន Tesla នឹងដាក់បញ្ចេញនូវរថយន្តអគ្គិសនី ឬឧបករណ៍បច្ចេកវិទ្យាថ្មីៗ និងទំនើបៗដែលមើលទៅហាក់បីដូចជាមកពីអនាគត តួយ៉ាងដូចជា Humanoid robot ដែលជា robot ប្រើប្រាស់សម្រាប់បំពេញការងារដែលមនុស្សមិនអាចធ្វើបាន និង robotaxi ដែលមានការរចនាដូចទៅនឹងបច្ចេកវិទ្យាមកពីអនាគតជាដើម៕


ប្រភព៖ Engadget

Post a Comment

To Top