កម្មវិធី YouTube Vanced ត្រូវបង្ខំចិត្តបិទដោយសារតែបណ្តឹងផ្លូវច្បាប់ពីក្រុមហ៊ុន Google

កម្មវិធីកំសាន្តដែលទទួលបានការពេញនិយម YouTube Vanced កំពុងឈានទៅរកការបញ្ឈប់មិនឱ្យមានការប្រើប្រាស់បន្តទៅទៀត បន្ទាប់ពីមានការគំរាមគំហែងខាងផ្លូវច្បាប់ពីសំណាក់ក្រុមហ៊ុនយក្ស Google។ អ្នកបង្កើតកម្មវិធី YouTube Vanced បានបង្ហាញពីគម្រោងនៃការបិទនូវកម្មវិធីរបស់ខ្លួនមួយនេះ ដោយនាពេលឥឡូវនេះ តំណភ្ជាប់សម្រាប់ធ្វើការទាញយកកម្មវិធីមួយនេះ ក៏ត្រូវបានដកចេញផងដែរ។

សម្រាប់អ្នកប្រើប្រាស់ដែលបានទាញយក និងបានដំឡើងកម្មវិធី YouTube Vanced នៅក្នុងទូរស័ព្ទដៃរបស់អ្នកហើយ អ្នកនៅតែអាចបន្តប្រើប្រាស់វាបានធម្មតា ក៏ប៉ុន្តែអ្នកផលិតកម្មវិធីមួយនេះ នឹងមិនផ្តល់ជូនកំណែប្រែអាប់ដេតថ្មីបន្ថែមទៀតនោះទេ ហើយវាអាចនឹងប្រើប្រាស់លែងបាននាពេលឆាប់ៗខាងមុខ។


បើសិនជាអ្នកមិនធ្លាប់បានដឹងពីកម្មវិធី YouTube Vanced ពីមុនមកទេ កម្មវិធីមួយនេះ គឺជាកម្មវិធី YouTube ទីពីរ ដែលមានការពេញនិយមខ្លាំងនៅលើប្រព័ន្ធប្រតិបត្តិការ Android ដោយសារតែវាមានផ្ទុករាល់មាតិកាល្បីៗជាច្រើនពីកម្មវិធី YouTube Premium បូករួមជាមួយនឹងការពុំមានពាណិជ្ជកម្ម និងអាចអនុញ្ញាតឱ្យអ្នកចាក់ចម្រៀងនៅក្នុង Background បានទៀតផង។

ក្រុមហ៊ុន Google បានផ្ញើលិខិតបញ្ឈប់ដំណើរការរបស់កម្មវិធី YouTube Vanced ទៅកាន់អ្នកបង្កើតកម្មវិធីមួយនេះ ដោយអ្នកបង្កើតកម្មវិធី Vanced បានផ្តល់សារតាមរយៈកម្មវិធី Discord មកកាន់សារព័ត៌មាន The Verge ថា “យើងត្រូវបានស្នើសុំឱ្យលុបឯកសារយោងទាំងអស់ដែលពាក់ព័ន្ធទៅនឹងកម្មវិធី YouTube ផ្លាស់ប្ដូរនិមិត្ដសញ្ញាឡូហ្គោ និងលុបតំណភ្ជាប់ទាំងអស់ដែលជាប់ពាក់ព័ន្ធជាមួយនឹងកម្មវិធី YouTube ចេញ”។


Vanced Official ដែលជាគណនី Twitter ផ្លូវការរបស់ក្រុមអ្នកបង្កើតកម្មវិធី YouTube Vanced បានសរសេរសារនៅក្នុងគណនី Twitter របស់ខ្លួនថា÷ “កម្មវិធី Vanced មិនអាចបន្តដំណើរការបានទៀតនោះទេ ហើយតំណភ្ជាប់សម្រាប់ទាញយកក៏ត្រូវបានដកចេញផងដែរ។ យើងដឹងថារឿងនេះមិនមែនជាអ្វីដែលអ្នកចង់ឮនោះទេ ប៉ុន្តែពួកយើងគ្មានជម្រើសអ្វីផ្សេងទៀតឡើយ។ អរគុណដែលបានជួយគាំទ្រពួកយើងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ”៕


ប្រភព÷ The Verge

Post a Comment

To Top