WhatsApp បានធ្វើការកែលម្អទៅលើការផ្ញើសារជាសម្លេងឱ្យមានភាពត្រឹមត្រូវជាងមុន
ថ្ងៃនេះ ក្រុមហ៊ុន WhatsApp បានប្រកាសថា ខ្លួនកំពុងតែធ្វើការទៅលើមុខងារកែលម្អដ៏ធំមួយទៅលើការផ្ញើសារជាសម្លេង។ បើសិនជាអ្នកឆ្ងល់តើហេតុអ្វីបានជាក្រុមហ៊ុន WhatsApp ផ្តោតសំខាន់ទៅលើរឿងសារសម្លេងនោះ គឺដោយសារតែក្រុមហ៊ុន WhatsApp បានអះអាងថា សារជាសម្លេងប្រមាណជាជាង 7 ពាន់លានសារត្រូវបានផ្ញើជារៀងរាល់ថ្ងៃនៅក្នុងកម្មវិធី WhatsApp អាស្រ័យហេតុនេះហើយ ទើបក្រុមហ៊ុន WhatsApp សម្រេចធ្វើការកែលម្អ និងធ្វើកំណែទម្រង់ថ្មីទៅលើការផ្ញើសារជាសម្លេង។
ការធ្វើកំណែទម្រង់ថ្មីទៅលើការផ្ញើសារជាសម្លេង អាចអនុញ្ញាតឱ្យអ្នកប្រើប្រាស់ធ្វើការចុចផ្អាកសារសម្លេង ឬចុចស្តាប់បន្តទៀតបាន ហើយអ្វីដែលកាន់តែពិសេសនោះ អ្នកប្រើប្រាស់ក៏អាចធ្វើការស្តាប់នូវសារសម្លេងរបស់អ្នក មុនពេលដែលអ្នកធ្វើការចុចបញ្ជូនទៅកាន់អ្នកប្រើប្រាស់ដ៏ទៃទៀតផងដែរ។
មុខងារដែលមានប្រយោជន៍ និងជាមុខងារដែលមានរួចមកហើយនៅក្នុងកម្មវិធី Telegram នោះគឺមុខងារ “Out of chat playback” ដែលមុខងារមួយនេះនឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចធ្វើការចុចស្តាប់នូវសារសម្លេងបាន បើទោះបីជាពួកគេចុចចេញពីកម្មវិធីក៏ដោយ។
មុខងារថ្មី “Remember Playback” ក៏បានដាក់បញ្ចូលនៅក្នុងកំណែអាប់ដេតថ្មីនេះផងដែរ ដោយមុខងារនេះនឹងធ្វើការរក្សាទុកនូវចន្លោះរយៈពេលនៃសារសម្លេងដែលអ្នកពុំទាន់បានស្តាប់ចប់ ដោយអ្នកអាចធ្វើការចុចស្តាប់បន្តនាពេលក្រោយបាន។
មិនទាន់អស់នោះទេ មុខងារ “Fast playback” ដែលយើងឃើញមាននៅក្នុងកម្មវិធី Telegram ក៏បានដាក់បញ្ចូលនៅក្នុងកំណែអាប់ដេតថ្មីនេះផងដែរ ដោយមុខងារនេះនឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចធ្វើការកំណត់ល្បឿននៃការស្តាប់សារចំពោះសារសម្លេងដែលជា Forwarded messages បាន។
ចុងបញ្ចប់ មុខងារដែលអាចនិយាយបានថាជាមុខងារសំខាន់នោះគឺមុខងារ “Waveform visualization” ដែលជាមុខងារបង្ហាញពីទម្រង់នៃសម្លេង ដោយបើសិនជាសម្លេងនោះលឺខ្លាំង ដូចនេះកម្រិត visualization របស់វាក៏ខ្ពស់តាមនឹងដែរ។
ក្រុមហ៊ុន WhatsApp ទំនងជាដាក់បញ្ចេញនូវមុខងារទាំងនោះនៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ៕
ប្រភព៖ GSMArena


Post a Comment