បច្ចេកវិទ្យាសាកថ្មល្បឿនលឿន UltraDart កម្លាំង 150W របស់ក្រុមហ៊ុន Realme អាចសាកបញ្ចូលថ្មទូរស័ព្ទ GT Neo3 ពី 0% ទៅ 50% ត្រឹមតែរយៈពេល 5 នាទីប៉ុណ្ណោះ

ក្រុមហ៊ុន Realme បានធ្វើការប្រកាសពីបច្ចេកវិទ្យាសាកថ្មល្បឿនលឿនរបស់ខ្លួន ដែលក្រុមហ៊ុនឱ្យឈ្មោះថា 100-200W UltraDart នៅក្នុងព្រឹត្តិការណ៍ MWC ឆ្នាំ២០២២ ហើយនៅក្នុងរយៈពេលប៉ុន្មានថ្ងៃមុននេះ ក្រុមហ៊ុនក៏បានបញ្ជាក់ពីការនាំយកបច្ចេកវិទ្យាសាកថ្មល្បឿនលឿន UltraDart កម្លាំង 150W នេះមកកាន់ទូរស័ព្ទដៃនៃត្រកូល GT Neo3 របស់ខ្លួនផងដែរ។

នៅថ្ងៃអង្គារម្សិលមិញនេះ ក្រុមហ៊ុន Realme បានធ្វើការចែករំលែកនូវឃ្លីបវីដេអូមួយ ដែលបង្ហាញពីល្បឿននៃការសាកបញ្ចូលថ្មរបស់ទូរស័ព្ទ GT Neo3 ដោយបើយោងតាមវីដេអូឃ្លីបខាងក្រោម បច្ចេកវិទ្យាសាកថ្មល្បឿនលឿន UltraDart ដែលមានកម្លាំង 150W អាចធ្វើការសាកបញ្ចូលថ្មទូរស័ព្ទត្រកូល GT Neo3 ពី 0% ទៅ 50% បានដោយចាយពេលត្រឹមតែ 5 នាទីប៉ុណ្ណោះ។

គួរបញ្ជាក់ផងដែរថា វីដេអូឃ្លីបខាងលើនេះ គឺជាវីដេអូពាណិជ្ជកម្មរបស់ក្រុមហ៊ុន Realme ដែលបង្ហាញពីលក្ខណៈសម្បត្តិនៃបច្ចេកវិទ្យាសាកបញ្ចូកថ្មល្បឿនលឿនរបស់ខ្លួន ដោយបច្ចេកវិទ្យាមួយនេះបានប្រើប្រាស់ការរួមបញ្ចូលគ្នានៃស្នប់បញ្ចូលថាមពលជាច្រើន ដែលជួយបង្កើនចរន្តរបស់ឆ្នាំងសាក ដែលក្រុមហ៊ុន Realme បានដាក់បង្ហាញនៅក្នុងព្រឹត្តិការណ៍ MWC។

ក្រុមហ៊ុន Realme ក៏បានធានាផងដែរថា អាយុកាលនៃកម្លាំងថាមពលថ្មរបស់ទូរស័ព្ទដែលអាចគាំទ្របច្ចេកវិទ្យាសាកថ្មល្បឿនលឿន UltraDart នឹងអាចរក្សាអាយុកាលថ្មបានដល់ទៅ 80% បើទោះបីជាមានការសាកថ្មរហូតដល់ 1000 ដងក៏ដោយ។ បន្ថែមពីនេះ ទូរស័ព្ទ GT Neo3 ក៏នឹងក្លាយជាទូរស័ព្ទដំបូងគេបង្អស់ដែលនឹងបំពាក់មកជាមួយបន្ទះឈីប Dimensity 8100 ថ្មីរបស់ក្រុមហ៊ុន MediaTek ផងដែរ៕


ប្រភព÷ GSMArena

Post a Comment

To Top