បម្រាមនៃការបិទកម្មវិធី Telegram នៅក្នុងប្រទេសប្រេស៊ីលត្រូវបានដកចេញ
ប្រទេសប្រេសុីលបានបើកឱ្យមានដំណើរការនៃកម្មវិធី Telegram ឡើងវិញ បន្ទាប់ពីប្រទេសមួយនេះ បានធ្វើការហាមឃាត់ និងបិទកម្មវិធី Telegram មិនឱ្យមានដំណើរការនៅក្នុងប្រទេសរបស់ខ្លួននៅថ្ងៃសុក្រសប្តាហ៍មុន ក្រោមហេតុផលដែលកម្មវិធីផ្ញើសារមួយនេះមិនបានអនុវត្តតាមច្បាប់តុលាការរបស់ប្រទេសប្រេសុីល នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The New York Times។
តុលាការនៃប្រទេសប្រេស៊ីលបានដកការហាមឃាត់របស់ខ្លួនចេញវិញ បន្ទាប់ពីក្រុមហ៊ុនគ្រប់គ្រងកម្មវិធី Telegram បានធ្វើការកែតម្រូវ និងផ្លាស់ប្តូរជាច្រើនដើម្បីជួយរក្សាព័ត៌មានមិនពិតនៅក្នុងប្រទេស មិនឱ្យមានការបែកចេញទៅខាងក្រៅ ដែលរួមមានព័ត៌មានមិនពិតស្តីពីលោកប្រធានាធិបតីប្រេសុីល Jair Bolsonaro និងការលុបគណនីដែលជាកម្មសិទ្ធិរបស់លោក Allan dos Santos ជាដើម។
លើសពីនេះទៅទៀត ក្រុមហ៊ុន Telegram បានសន្យាថា ពួកគេនឹងដាក់ស្លាកបង្ហាញទៅលើព័ត៌មានណាដែលជាព័ត៌មានមិនពិត និងជួយធ្វើការផ្សព្វផ្សាយទៅលើព័ត៌មានណាដែលជាព័ត៌មានពិត។ បើយោងតាមការរាយការណ៍ដដែលពីសារព័ត៌មាន The New York Times បានឱ្យដឹងថា ចំណាត់ការថ្មីនេះ នឹងតម្រូវឱ្យបុគ្គលិករបស់ក្រុមហ៊ុន Telegram ធ្វើការពិនិត្យមើលបន្ថែមទៅលើឆាណែល Telegram ល្បីៗរបស់ប្រទេសប្រេសុីលប្រមាណជាជាង 100 ឆាណែល ដើម្បីធ្វើការរឹតបន្តឹងទៅលើការចែកចាយព័ត៌មានមិនពិត។
ជាមួយនឹងចំនួនអ្នកប្រើប្រាស់កម្មវិធី Telegram ប្រមាណជាជាង 1.1 លាននាក់នៅក្នុងប្រទេសប្រេសុីល បានធ្វើឱ្យកម្មវិធី Telegram ក្លាយទៅជាកម្មវិធីធ្វើការទំនាក់ទំនងមួយដ៏ពេញនិយមនៅក្នុងប្រទេសមួយនេះ តួយ៉ាងនាពេលថ្មីៗនេះ ប្រធានាធិបតីនៃប្រទេសប្រេសុីលគឺលោក Jair Bolsonaro ដែលបច្ចុប្បន្នកំពុងស្ថិតក្រោមការស៊ើបអង្កេតចំពោះការលេចធ្លាយឯកសាររបស់ប៉ូលីស និងការចែករំលែកព័ត៌មានមិនពិតកន្លងមក ក៏ត្រូវបានកើតឡើងនៅលើកម្មវិធី Telegram នេះផងដែរ។
ចៅក្រមតុលាការកំពូលរបស់ប្រទេសប្រេសុីល លោក Alexandre de Moraes ដែលជាគូប្រជែងរបស់លោកប្រធានាធិបតី Bolsonaro បានបញ្ជាឱ្យហាមឃាត់កម្មវិធីនេះអស់រយៈពេល ២ ទៅ ៣ ថ្ងៃមកហើយ ប៉ុន្តែបើយោងតាមនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Telegram លោក Pavel Durov បានពន្យល់ថា ក្រុមហ៊ុនរបស់គាត់មិនបានចាត់វិធានការភ្លាមៗនោះទេ ដោយសារតែពួកគេពិនិត្យសារអុីមែលខុស និងមិនបានទទួលសារពីតុលាការកំពូលរបស់ប្រទេសប្រេសុីល៕
ប្រភព÷ The Verge
Post a Comment