ក្រុមហ៊ុន Spotify ទិញសិទ្ធិដាក់ឈ្មោះនៅកីឡាដ្ឋានរបស់ក្លឹបបាល់ទាត់ Barcelona

បើសិនជាអ្នក ជាអ្នកគាំទ្ររបស់ក្លឹបបាល់ទាត់ FC Barcelona អ្នកប្រាកដជាដឹងហើយថាកីឡាដ្ឋាន Camp Nou គឺជាកីឡាដ្ឋានដែលមានភាពល្បីល្បាញមួយ ក្នុងចំណោមកីឡាដ្ឋានផ្សេងទៀតនៅក្នុងពិភពលោក។ ថ្មីៗនេះ ក្រុមហ៊ុនផ្គត់ផ្គង់សេវាកម្មស្រ្ទីមចម្រៀងលំដាប់ថ្នាក់ពិភពលោក Spotify បានចាំដៃគូសហការជាមួយនឹងក្លឹបបាល់ទាត់អ្នកមានបុណ្យ FC Barcelona ដើម្បីធ្វើការទិញ និងដាក់ឈ្មោះរបស់ខ្លួននៅកីឡាដ្ឋានរបស់ក្លឹប។

បន្ថែមពីនេះ កិច្ចព្រមព្រៀងឧបត្ថម្ភរវាងក្រុមហ៊ុន Spotify និងក្លឹបបាល់ទាត់របស់ប្រទេសអេស្ប៉ាញ FC Barcelona មិនត្រឹមតែអនុញ្ញាតឱ្យក្រុមហ៊ុន Spotify ដាក់ផ្ទាំងប៉ាណូឈ្មោះរបស់ខ្លួននៅតែក្នុងកីឡាដ្ឋានរបស់ក្លឹបនោះទេ ដោយកិច្ចព្រមព្រៀងនេះ គឺបានរួមបញ្ចូលជាមួយនឹងការដាក់ឈ្មោះក្រុមហ៊ុន Spotify នៅលើអាវរបស់ក្លឹប FC Barcelona ទាំងក្រុមបាល់ទាត់បុរស និងនារី សម្រាប់រដូវកាលទី ៤ ផងដែរ (២០២២-២០២៣)។


យ៉ាងណាម៉ិញ កិច្ចព្រមព្រៀងមួយនេះ តម្រូវឱ្យមានការអនុម័ត និងត្រូវតែទទួលសច្ចាប័នពីសមាជិក ប្រតិភូ វិសាមញ្ញ របស់ក្លឹប FC Barcelona ក្នុងការបោះឆ្នោតជាមុនសិន ដែលការបោះឆ្នោតនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៣ ខែមេសា។ បើទោះបីជាយ៉ាងណាក៏ដោយ រឿងមួយនេះហាក់បីដូចជាមិនមែនជាបញ្ហានោះទេ ដោយសារតែនាពេលបច្ចុប្បន្ន ក្លឹបបាល់ទាត់ FC Barcelona កំពុងតែជាប់ជំពាក់បំណុលគេជាច្រើនស្រាប់ ហើយក្លឹបក៏កំពុងតែស្វែងរកក្រុមហ៊ុនឧបត្ថម្ភតាមរយៈប្រព័ន្ធផ្សព្វផ្សាយ និងបានលក់ភាគហ៊ុនមួយចំនួនរបស់ខ្លួនកាលពីឆ្នាំមុនរួចទៅហើយ។

កិច្ចព្រមព្រៀងនេះ ត្រូវបានគេរាយការណ៍ថា មានតម្លៃប្រមាណជាជាង ៣១០ លានដុល្លារសហរដ្ឋអាមេរិក និងបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន SPORT របស់ប្រទេសអេស្ប៉ាញបានឱ្យដឹងថា តម្លៃនៃការចរចាអាចនឹងមានការកើនឡើង បើសិនជាភាគរយនៃចំនួនអ្នកគាំទ្ររបស់ក្លឹប FC Barcelona ដែលបានចុះឈ្មោះហើយ មានចំនួនច្រើន៕


ប្រភព÷ The Verge

Post a Comment

To Top