ខ្សែស្រឡាយទូរស័ព្ទ Sony Xperia ត្រូវបានជ្រើសរើសជាស្មាតហ្វូនផ្លូវការប្រើសម្រាប់ប្រកួតកីឡាអេឡិចត្រូនិករបស់ហ្គេម PUBG MOBILE

ក្រុមហ៊ុនផលិត និងរៀបចំការប្រកួតកីឡាអេឡិចត្រូនិក PUBG MOBILE បានជ្រើសយកទូរស័ព្ទត្រកូល Sony Xperia ដើម្បីប្រើសម្រាប់ការប្រកួតហ្គេមរបស់ពួកគេនាឆ្នាំ២០២២ នេះ។ ក្រុមហ៊ុន Sony ដែលជាដៃគូសហការរបស់ហ្គេម PUBG MOBILE នឹងធ្វើការផ្គត់ផ្គង់ទូរស័ព្ទត្រកូល Sony Xperia របស់ខ្លួនទៅកាន់អ្នកលេងហ្គេមអេឡិចត្រូនិកកំពូល សម្រាប់ការប្រកួតប្រជែងមួយនេះ។

នៅក្នុងឆ្នាំនេះផងដែរ ក្រុមហ៊ុនផលិតហ្គេម PUBG MOBILE នឹងធ្វើការបង្កើតកម្មវិធីប្រកួតប្រជែងការលេងហ្គេមរបស់ខ្លួននៅច្រើនតំបន់ និងច្រើនប្រទេសទៀត ដោយព្រឹត្តិការណ៍ប្រកួតប្រជែងធំៗអាចនឹងមានពីរព្រឹត្តិការណ៍ ដោយព្រឹត្តិការណ៍ទីមួយជាការប្រកួតជើងឯក PUBG MOBILE ពិភពលោក និងព្រឹត្តិការណ៍មួយផ្សេងទៀតគឺជាការប្រកួតស្វែងរកជើងឯកពាក់កណ្តាលឆ្នាំ (សម្រាប់ព័ត៌មានលម្អិត យើងមានតែចាំតាមដាននាពេលក្រោយ)។


បន្ថែមពីនេះ លោក James Yang ដែលជានាយកគ្រប់គ្រង និងរៀបចំការប្រកួតប្រជែងកីឡាអេឡិចត្រូនិក PUBG MOBILE បាននិយាយថា៖ “បទពិសោធន៍របស់អ្នកលេងហ្គេម PUBG MOBILE គឺជាកត្តាសំខាន់ចម្បងរបស់ក្រុមហ៊ុន ហើយការចាប់ដៃគូសហការជាមួយនឹងក្រុមហ៊ុនផលិតទូរស័ព្ទ Sony Xperia នេះដែរ ត្រូវបានធ្វើឡើងប្រកបដោយទំនុកចិត្ត ហើយយើងក៏សង្ឃឹមយ៉ាងមុតមាំផងដែរថា អ្នកលេងហ្គេមរបស់យើងនឹងបញ្ចេញស្នាដៃនៃការលេងហ្គេមរបស់ពួកគេឱ្យពេញទំហឹងនៅក្នុងការប្រកួតនាឆ្នាំនេះ”។

អ្នកប្រាកដជាពុំធ្លាប់បានគិតថាទូរស័ព្ទ Sony Xperia 1 III និង Xperia 5 III ជាទូរស័ព្ទប្រើសម្រាប់លេងហ្គេមនោះទេ ប៉ុន្តែក្រុមហ៊ុន Sony បានព្យាយាមបំពាក់ផ្នែក Hardware កម្លាំងម៉ាស៊ីនដើម្បីតម្រូវទៅតាមរឿងមួយនេះឯង។ តួយ៉ាងអេក្រង់របស់ទូរស័ព្ទត្រកូល Sony Xperia ខាងលើសុទ្ធសឹងតែបំពាក់មកជាមួយល្បឿនអូសបញ្ជាអេក្រង់រហូតដល់ទៅ 120Hz ដែលជាកត្តាមួយជំនួយដល់ការលេងហ្គេមបែប Battle Royal មួយនេះ៕


ប្រភព៖ GSMArena

Post a Comment

To Top