ក្រុមហ៊ុន Samsung កំណត់យកថ្ងៃទី ១៧ ខែមីនា សម្រាប់ព្រឹត្តិការណ៍ដាក់បញ្ចេញទូរស័ព្ទត្រកូល Galaxy A របស់ខ្លួន

នៅក្នុងឆ្នាំ២០២២នេះ គឺជាឆ្នាំដែលក្រុមហ៊ុនផលិតស្មាតហ្វូនមិនថាតូច ឬធំ ត្រៀមនឹងដាក់បញ្ចេញសមិទ្ធផលរបស់ខ្លួនដែលផលិតបានទៅកាន់ទីផ្សារ ឬឆាកអន្តរជាតិ។ នៅក្នុងចំណោមក្រុមហ៊ុនផលិតស្មាតហ្វូនទាំងអស់នោះ ក៏រួមមានក្រុមហ៊ុនមកពីប្រទេសកូរ៉េ Samsung ផងដែរ។

ក្រុមហ៊ុន Samsung ត្រៀមនឹងនាំយក និងដាក់បង្ហាញទូរស័ព្ទត្រកូល Galaxy A ឬ Galaxy A-series ជំនាន់ចុងក្រោយរបស់ខ្លួនជាផ្លូវការ នៅថ្ងៃទី១៧ ខែមីនា ដែលត្រូវនឹងរយៈពេល ២ ថ្ងៃខាងមុខនេះ។ ព្រឹត្តិការណ៍សំខាន់ៗស្តីពីការដាក់បង្ហាញទូរស័ព្ទនៃខ្សែស្រឡាយ Galaxy A នេះ នឹងចាប់ផ្តើមប្រព្រឹត្តទៅនៅវេលាម៉ោង ១០ ព្រឹក ET (ម៉ោង ២ រសៀល UTC) ហើយក៏នឹងមានការផ្សាយបន្តផ្ទាល់នៅលើឆាណែលយូធូបផ្លូវការ និងគេហទំព័ររបស់ក្រុមហ៊ុន Samsung ផងដែរ។


យើងរំពឹងថា ទូរស័ព្ទម៉ូដែល Galaxy A73 និង Galaxy A53 អាចនឹងមានវត្តមាននៅក្នុងព្រឹត្តិការណ៍មួយនេះ បន្ទាប់ពីយើងធ្លាប់តែទទួលបាននូវពាក្យចចាមអារ៉ាម និងការបែកធ្លាយនូវលក្ខណៈសម្បត្តិត្រួសៗពីទូរស័ព្ទដៃកម្រិតកណ្តាលទាំងពីរគ្រឿងនេះ។

ទូរស័ព្ទទាំងពីរម៉ូដែល ដែលអាចនឹងបង្ហាញខ្លួននៅថ្ងៃទី១៧ ខែមីនា អាចនឹងបំពាក់មកជាមួយប្រភេទបន្ទះឈីបដែលមានល្បឿនលឿនជាងមុន និងអាចធ្វើការផ្លាស់ប្តូរការរចនាខ្លះៗ ពីម៉ូដែលដែលចេញកាលពីឆ្នាំមុន។ សម្រាប់ទូរស័ព្ទត្រកូល A73 ត្រូវបានគេរំពឹងថា វាអាចនឹងបំពាក់មកជាមួយកាមេរ៉ាគោលទំហំ 108 មេហ្កាភិចស៊ែល និងសម្រាប់ម៉ូដែល A53 ទំនងជាបំពាក់មកជាមួយប្រភេទបន្ទះឈីប Exynos 1200៕


ប្រភព÷ GSMArena

Post a Comment

To Top