ឆាប់ៗនេះ ក្រុមហ៊ុន Realme គ្រោងនឹងដាក់បញ្ចេញថេប្លេត Realme Pad Mini របស់ខ្លួននៅក្នុងប្រទេសហ្វីលីពីន
បើយោងតាមពាក្យចចាមអារ៉ាមដែលបានលេចលឺកន្លងមក ក្រុមហ៊ុន Realme គ្រោងនឹងបញ្ចេញថេប្លេតដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android របស់ខ្លួនដែលមានទំហំតូចជាង Android ថេប្លេតទូទៅ ហើយដំណឹងលេចលឺបន្ថែមទៀតបានបង្ហាញថា ថេប្លេតដែលមានទំហំតូចនេះទៀតសោត អាចនឹងបង្ហាញខ្លួនជាផ្លូវការមុនគេនៅក្នុងប្រទេសហ្វីលីពីន។
ព័ត៌មាននៃការនឹងមកដល់របស់កូនថេប្លេតមួយនេះ ក៏បានលេចចេញនូវលក្ខណៈសម្បត្តិមួយចំនួនផងដែរ។ ថេប្លេត Realme Pad Mini នឹងបំពាក់មកជាមួយអេក្រង់ទំហំ 8.7អុីង ដែលមានកម្រិតបង្ហាញ 1340 x 800px។
សម្រាប់ផ្នែកកម្លាំងម៉ាស៊ីនវិញ យើងពុំទាន់អាចទទួលបាននូវព័ត៌មានអ្វីច្រើននោះទេ ប៉ុន្តែបើយោងតាមពាក្យចចាមអារ៉ាមមួយចំនួនបានបង្ហាញថា ថេប្លេតដែលមានទំហំតូចរបស់ក្រុមហ៊ុន Realme មួយនេះទំនងជាបំពាក់មកជាមួយនឹងបន្ទះឈីប Unisoc T616 ដែលអាចមានជម្រើសរ៉េម 3GB និង 4GB និងទំហំអង្គផ្ទុកទិន្នន័យ 32GB និង 64GB។
ថេប្លេតនេះដែរ អាចនឹងបំពាក់មកជាមួយប្រព័ន្ធសេវាអ៊ីនធឺរណិត LTE និងមានកម្លាំងថាមពលថ្មទំហំ 6,400 mAh។ ចំពោះការសាកបញ្ចូលថ្មវិញ ថេប្លេតមួយនេះអាចសាកបញ្ចូលទឹកវិញបានត្រឹមតែកម្លាំង 18W ប៉ុណ្ណោះបើប្រៀបធៀបទៅនឹងកម្លាំងថាមពលថ្ម វាអាចនឹងចំណាយពេលយូរ។
យ៉ាងណាម៉ិញ ចំពោះថ្ងៃដាក់លក់ជាផ្លូវការពុំមានព័ត៌មានណាមួយ ឬ ការបញ្ជាក់ចេញពីក្រុមហ៊ុន Realme អំពីថ្ងៃខែពិតប្រាកដនោះទេ ប៉ុន្តែអ្វីដែលយើងអាចដឹងបាននោះគឺវានឹងមកដល់នៅក្នុងពេលឆាប់ៗខាងមុខនេះ៕
ប្រភព៖ GSMArena


Post a Comment