Realme C35÷ ជាស្មាតហ្វូនដែលមានរូបរាងស្អាត តម្លៃធូរថ្លៃ និងមានកម្លាំងម៉ាស៊ីនមធ្យម (Specs Review)
នៅថ្ងៃទី១០ ខែកុម្ភៈ ក្រុមហ៊ុន Realme បានប្រកាសពីទូរស័ព្ទដៃកម្រិតមធ្យមរបស់ខ្លួនដែលក្រុមហ៊ុនឱ្យឈ្មោះថា Realme C35 ជាមួយនឹងការរចនារូបរាង តម្លៃ និងកម្លាំងម៉ាស៊ីនដ៏គួរឱ្យចាប់អារម្មណ៍។ បន្ទាប់ពីប្រកាសជាផ្លូវការបាន ៤ ថ្ងៃ ក្រុមហ៊ុន Realme បានដាក់លក់ទូរស័ព្ទ Realme C35 ជាផ្លូវការនៅថ្ងៃទី ១៤ ខែកុម្ភៈ ជាមួយនឹងតម្លៃ $179 នៅក្នុងទីផ្សារប្រទេសកម្ពុជា សម្រាប់ម៉ូដែលដែលមានទំហំរ៉េម 4GB និងអង្គផ្ទុកទិន្នន័យទំហំ 64GB (នេះបើយោងតាមប្រភពវីដេអូ Review របស់ឆែណែល John Sey ចុចលើតំណភ្ជាប់មួយនេះ ដើម្បីទស្សនា)។
ដូចដែលបានរៀបរាប់ពីខាងលើ ចំណុចលេចធ្លោ និងទាក់ទាញពីទូរស័ព្ទដៃមួយនេះ គឺស្ថិតទៅលើតម្លៃ និងកម្លាំងម៉ាសុីនដែលក្រុមហ៊ុន Realme បានបំពាក់នៅក្នុងនេះ ដោយទូរស័ព្ទ Realme C35 បំពាក់មកជាមួយបន្ទះឈីប Unisoc Tiger T616 ដែលមានទំហំ 12nm និងប្រើប្រាស់ប្រភេទ GPU Mali-G57 MP1 បូកផ្សំជាមួយនឹងជម្រើសកម្លាំងម៉ាសុីនបីប្រភេទដែលមាន រ៉េម 4GB និងអង្គផ្ទុកទិន្នន័យទំហំ 64GB, រ៉េម 6GB និងអង្គផ្ទុកទិន្នន័យទំហំ 64GB និងជម្រើសទីបីមានរ៉េមទំហំ 4GB និងអង្គផ្ទុកទិន្នន័យទំហំ 128GB។
ក្រលែកមកមើលផ្នែកអេក្រង់ខាងមុខវិញ ទូរស័ព្ទតម្លៃមធ្យមមួយនេះបំពាក់មកជាមួយបន្ទះអេក្រង់ IPS LCD ទំហំ 6.6អុីញ ដែលមានកម្រិតពន្លឺ 600 nits បូករួមជាមួយនឹងកម្រិតបង្ហាញភាពច្បាស់ FullHd+ 1080 x 2408 ភីចស៊ែល។ និយាយពីអេក្រង់ខាងមុខ ទូរស័ព្ទ Realme C35 បំពាក់មកជាមួយកាមេរ៉ាស៊ែលហ្វីដំណក់ទឹកមួយគ្រាប់ទំហំ 8 មេហ្កាភិចស៊ែលដែលអាចថតរូបភាព HDR និងអាចថតវីដេអូបានក្នុងកម្រិត 720p@30fps។
បែរមកខ្នងខាងក្រោយវិញ ទូរស័ព្ទ Realme C35 បំពាក់មកជាមួយកញ្ចប់កាមេរ៉ា ៣ គ្រាប់ដែលមាន÷
_ លេនកាមេរ៉ាគោលទំហំ 50 មេហ្កាភិចស៊ែល (ដើរតួជាលេន wide ផងដែរ)
_ លេន Macro ប្រើសម្រាប់ថតវត្ថុជិតទំហំ 2 មេហ្កាភិចស៊ែល
_ និងលេនកូនពៅគេគឺជាលេន Depth ប្រើសម្រាប់ជំនួយដល់ការថតព្រាលផ្ទៃខាងក្រោយទំហំ 0.3 មេហ្កាភិចស៊ែល។ កញ្ចប់កាមេរ៉ាទាំង ៣ គ្រាប់នេះក៏មានភ្ជាប់មកជាមួយភ្លើង LED មួយគ្រាប់បន្ថែមផងដែរ។
ចំពោះប្រព័ន្ធសុវត្ថិភាព ទូរស័ព្ទដែលមានតម្លៃក្រោម ២០០ ដុល្លារមួយនេះ បំពាក់មកជាមួយប្រព័ន្ធដោះសោរដោយការស្កេនក្រយ៉ៅដៃនៅជំហៀងទូរស័ព្ទ (ជាមួយនឹងប៊ូតុង Power)។
ប្រភព Specs÷ GSMArena
Post a Comment