ប្រទេសអ៊ុយក្រែនកំពុងដាក់លក់ NFTs ដើម្បីរកចំណូលផ្គត់ផ្គង់ដល់ផ្នែកយោធារបស់ខ្លួន
ក្រសួងការផ្លាស់ប្ដូរឌីជីថលរបស់ប្រទេសអ៊ុយក្រែនកំពុងតែចាប់ផ្តើមប្រមូល NFT សម្រាប់ធ្វើការដាក់លក់ ដើម្បីរកថវិកាផ្គត់ផ្គង់ទៅដល់យោធារបស់ខ្លួន។ គម្រោងនេះ ត្រូវបានប្រកាសជាលើកដំបូងនៅដើមខែមីនា និងការប្រមូល NFT ដែលប្រទេសអ៊ុយក្រែនហៅថា “Meta History Museum of War” ឥឡូវនេះកំពុងតែដាក់លក់ជាផ្លូវការហើយ។
NFT ដែលប្រទេសអ៊ុយក្រែនកំពុងនឹងដាក់លក់នោះ គឺជាឯកសារដែលទាក់ទងទៅនឹងប្រវត្តិសាស្រ្តអំពីការលុកលុយ និងការឈ្លានពានរបស់ប្រទេសរុស្ស៊ី មកលើប្រទេសអ៊ុយក្រែន ដែលប្រទេស និងរដ្ឋាភិបាលអ៊ុយក្រែនឱ្យឈ្មោះការប្រមែប្រមូលមួយនេះថាជា “NFT museum” ឬ “សារមន្ទីរ NFT”។
នាពេលបច្ចុប្បន្ន NFTs សរុបដែលបានចងក្រង និងរៀបចំចេញពីឯកសារនៃព្រឹត្តិការណ៍សង្រ្គាមក្នុងរយៈពេល ៣ ថ្ងៃដំបូងនោះ មានចំនួន ៥៤ NFTs ដែលរូបភាព ក៏ដូចជា NFTs ទាំងអស់នោះត្រូវបានគូរឡើងដោយវិចិត្រករជនជាតិអ៊ុយក្រែន និងបណ្តាវិចិត្រករបរទេសដ៏ទៃទៀត ដោយវិចិត្រករទាំងអស់នោះធ្វើការគូរតាមរយៈឯកសារដែលបង្ហាញពីទិដ្ឋភាពនៃការលុកលុយ និងការឆ្លើយតបរបស់ពិភពលោកទៅលើទង្វើរបស់ប្រទេសរុស្ស៊ី។
ក្រសួងកំណែទម្រង់ឌីជីថលរបស់ប្រទេសអ៊ុយក្រែនបានសរសេរនៅលើគេហទំព័រ Meta History Museum of War របស់ខ្លួនថា “រូបមន្តនៃ NFT នីមួយៗគឺមានភាពច្បាស់លាស់ និងសាមញ្ញ ដោយនិមិត្តសញ្ញានីមួយៗសុទ្ធសឹងតែត្រូវបានគូរ និងដកស្រង់ចេញមកពីប្រភពព័ត៌មានផ្លូវការរបស់ប្រទេសអ៊ុយក្រែន និងមកពីអន្តរជាតិ។ NFTs នឹងត្រូវបានបង្កើតឡើងទៅតាមលំដាប់លំដោយ ដោយយោងទៅតាមព្រឹត្តិការណ៍ដែលកើតមានឡើង ដូច្នេះប្រវត្តិសាស្ត្រពិតនឹងត្រូវបានចងក្រងក៏ដូចជាបានថែរក្សាទុក”។
While Russia uses tanks to destroy Ukraine, we rely on revolutionary blockchain tech. @Meta_History_UA NFT-Museum is launched. The place to keep the memory of war. And the place to celebrate the Ukrainian identity and freedom. Check here: https://t.co/IrNV0w54tg
— Mykhailo Fedorov (@FedorovMykhailo) March 25, 2022
គម្រោង NFT គឺជាវិធីសាស្ត្រចុងក្រោយបង្អស់ដែលប្រទេសអ៊ុយក្រែនបានប្រើប្រាស់សម្រាប់ការស្វែងរកជំនួយតាមរយៈទ្រព្យសម្បត្តិឌីជីថល ដើម្បីផ្គត់ផ្គង់ទៅលើប្រព័ន្ធការពារជាតិរបស់ខ្លួន។ ប្រទេសអ៊ុយក្រែនបានទទួលការបរិច្ចាគរូបិយប័ណ្ណគ្រីបតូចាប់តាំងពីការកើតមានសង្រ្គាមដំបូងជាមួយនឹងប្រទេសរុស្ស៊ីមកម្ល៉េះ ដោយគិតមកទល់នឹងពេលនេះចំនួនថវិការគ្រីបតូសរុបដែលរកបានពីការបរិច្ចាគទទួលបានប្រមាណជាជាង ១០០ លានដុល្លារសហរដ្ឋអាមេរិក៕
ប្រភព៖ Engadget


Post a Comment