ហេតុអ្វីបានជាក្រុមហ៊ុន Netflix បង្រ្កាបការចែកចាយពាក្យសម្ងាត់គណនី?
អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលក្រុមហ៊ុន Netflix មានការប្រងើយកន្តើយទៅលើរឿងចែករំលែកគណនី Netflix ទៅកាន់មិត្តភក្តិ ឬក្រុមគ្រួសាររបស់អ្នកដែលបានបង់កញ្ចប់សេវាកម្មរបស់ខ្លួន (ក្នុងគម្រោង Premium របស់ក្រុមហ៊ុន Netflix ប្រចាំប្រទេសកម្ពុជា អ្នកប្រើប្រាស់អាចប្រើគណនីមួយនេះនៅលើឧបករណ៍ ដែលអាចជាទូរស័ព្ទ កំព្យូទ័រ ឬទូរទស្សន៍ស្មាតធីវីបានចំនួន ៤ ឧបករណ៍ ដោយហេតុនេះហើយ អ្នកប្រើប្រាស់មួយចំនួនអាចធ្វើការចែករំលែកគណនី Netflix របស់ខ្លួនទៅកាន់សមាជិកគ្រួសារ មិត្តភក្តិ ឬធ្វើការលក់គណនី Profile ជាដើម)។
ប៉ុន្តែឥឡូវនេះ ក្រុមហ៊ុនផ្តល់សេវាកម្មស្ទ្រីមខ្សែភាពយន្តឌីជីថលខ្នាតធំមួយនេះ ទំនងជាបានចាត់ទុកបញ្ហាមួយនេះទៅជាការបង្កើតនូវច្បាប់ហាមប្រាមថ្មី ដើម្បីជួយឱ្យការផលិត និងការរកកម្រៃឱ្យបានកាន់តែច្រើនជាងមុន ដោយសារតែក្រុមហ៊ុនមួយនេះត្រូវការថវិកាច្រើនដើម្បីចំណាយទៅលើការផលិតខ្សែភាពយន្ត ឬមាតិកាថ្មីៗផ្សេងទៀត។
នៅក្នុងសប្តាហ៍នេះ ក្រុមហ៊ុន Netflix បានប្រកាសថា ខ្លួននឹងធ្វើការបង្ក្រាបការចែករំលែកលេខសម្ងាត់គណនី និងបិទមិនឱ្យមានការចែករំលែកគណនីប្រើប្រាស់ ទៅកាន់អ្នកដ៏ទៃ ឬទីកន្លែងណាផ្សេងក្រៅពីក្នុងផ្ទះ និងសមាជិកគ្រួសាររបស់អ្នកបង់កញ្ចប់សេវាកម្ម។ ជាផ្នែកមួយនៃការអនុវត្តការធ្វើតេស្តថ្មីនេះ ក្រុមហ៊ុន Netflix នឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់ដែលរស់នៅប្រទេសឈីលី កូស្តារីកា និងប្រទេសប៉េរូ ឱ្យមានលទ្ធភាពអាចបន្ថែមសមាជិកប្រើប្រាស់ពីលើគម្រោងរបស់ពួកគេចំនួន ២ នាក់បន្ថែមទៀត ដោយអាចនឹងតម្រូវឱ្យបង់ប្រាក់បន្ថែមចំនួន $3 លើគម្រោងប្រចាំខែដែលពួកគេកំពុងប្រើប្រាស់។
ដូចដែលបានលើកឡើងខាងលើ ក្រុមហ៊ុន Netflix មានភាពខ្ចិលច្រអូសទៅលើរឿងចែករំលែកគណនី ឬលេខសម្ងាត់គណនីនេះ ដោយសារតែលោក Reed Hastings ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Netflix បាននិយាយថា រឿងនេះមិនបានផ្តល់ផលអវិជ្ជមានអ្វីច្រើនឡើយមកកាន់ក្រុមហ៊ុន។ ប៉ុន្តែនាពេលឥឡូវនេះផ្ទាល់ ដោយសារតែកំណើននៃការចែករំលែកគណនី និងលេខសម្ងាត់មានចំនួនច្រើន ហើយតម្រូវការចំណូលរបស់ក្រុមហ៊ុន Netflix ក៏មានចំនួនច្រើនដែរនោះ ទើបធ្វើឱ្យក្រុមហ៊ុនមួយនេះ ងាកមកគិត និងចាត់វិធានការទៅលើរឿងមួយនេះវិញ៕
សម្រាប់អ្នកទាំងអស់គ្នាវិញ តើអ្នកយល់យ៉ាងណាដែរសម្រាប់ចំណាត់ការថ្មីរបស់ក្រុមហ៊ុន Netflix?
ប្រភព÷ The Verge
Post a Comment