តុលាការនៃប្រទេសរុស្ស៊ីបានរកឃើញថាក្រុមហ៊ុន Meta មានទោស ប៉ុន្តែនៅតែមិនធ្វើការហាមឃាត់កម្មវិធី WhatsApp ពីប្រទេសរបស់ខ្លួន
ចៅក្រមនៃតុលាការក្រុងមូស្គូបាននិយាយនៅថ្ងៃចន្ទម្សិលមិញនេះថា ក្រុមហ៊ុន Instagram និងក្រុមហ៊ុន Facebook ត្រូវបានរកឃើញថា មានទោស ដោយសារតែក្រុមហ៊ុនទាំងពីរបានធ្វើសកម្មភាពជ្រុលនិយមដែលធ្វើឱ្យប៉ះពាល់ទៅដល់ច្បាប់របស់ប្រទេសរុស្ស៊ី ហើយប្រទេសរុស្ស៊ីបានសម្រេចចិត្តបិទកម្មវិធីបណ្តាញសង្គមទាំងពីរនេះចេញពីប្រទេសរបស់ខ្លួននៅក្នងខែនេះ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters។
យ៉ាងណាម៉ិញ បើទោះបីជាកម្មវិធី WhatsApp ដែលជាកម្មវិធីមួយក្នុងចំណោមកម្មវិធីពីរខាងលើ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន Meta យ៉ាងណាក្តី ក៏តុលាការនៃប្រទេសរុស្ស៊ីនៅតែបន្តសម្រេចឱ្យកម្មវិធី WhatsApp នៅតែអាចប្រើប្រាស់នៅក្នុងប្រទេសរុស្ស៊ីបានដដែល ដោយសារតែកម្មវិធីមួយនេះ ជាកម្មវិធីនាំ និងផ្ញើសារដ៏ពេញនិយមមួយប្រចាំប្រទេសរុស្ស៊ី។
បើយោងតាមការស្ទង់ស្ថិតិរបស់ Deloitte បានឱ្យដឹងថា នៅឆ្នាំ២០២១ ចំនួនអ្នកប្រើប្រាស់កម្មវិធី WhatsApp មានចំនួនប្រហែលជាជាង 80% នៃចំនួនប្រជាជនសរុបដែលមានអាយុចាប់ពី ១៤ ឆ្នាំឡើងទៅ។ ដោយសារតែរឿងក្តីរវាងក្រុមហ៊ុន Meta និងប្រទេសរុស្ស៊ី បានធ្វើឲ្យកម្មវិធី WhatsApp ធ្លាក់ប្រជាប្រិយភាពនៅក្នុងប្រទេសរុស្ស៊ី ហើយកម្មវិធី Telegram បានកើនឡើងចំនួនអ្នកទាញយករាប់លាននាក់បើគិតត្រឹមរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។
យោងតាមសេចក្តីសម្រេចរបស់តុលាការនៃប្រទេសរុស្ស៊ី ក្រុមហ៊ុន Meta នឹងមិនមានសិទ្ធិនៅក្នុងការដាក់ទីតាំងការិយាល័យ ឬធ្វើជំនួញនៅក្នុងប្រទេសរុស្ស៊ីបានទៀតនោះទេ នេះបើយោងតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មានរដ្ឋរុស្ស៊ី TASS។
បើទោះបីជាកម្មវិធី Facebook និង Instagram ត្រូវបានហាមឃាត់មិនអាចឱ្យធ្វើការប្រើប្រាស់បាននៅក្នុងប្រទេសរុស្ស៊ីយ៉ាងណាក្តី ក៏ប្រជាជននៃប្រទេសរុស្ស៊ីមួយចំនួន បានធ្វើការទាញយកកម្មវិធី VPN ពីខាងក្រៅ ដើម្បីអនុញ្ញាតឱ្យពួកគេអាចធ្វើការផ្លាស់ប្តូរទីតាំងដើម្បីចូលទៅប្រើប្រាស់កម្មវិធីទាំងពីរបានផងដែរ៕
ប្រភព÷ Engadget


Post a Comment