ទូរស័ព្ទ iPhone SE ស៊េរីថ្មីរបស់ក្រុមហ៊ុន Apple មានរ៉េមទំហំ 4GB និងមានល្បឿនលឿនជាងមុន 33%
ដូចដែលអ្នកបានដឹងរួចមកហើយថាក្រុមហ៊ុន Apple បានប្រកាសចេញទូរស័ព្ទត្រកូល iPhone SE ជំនាន់ថ្មីរបស់ខ្លួនដែលមានតម្លៃធូរថ្លៃជាងគេក្នុងចំណោមទូរស័ព្ទម៉ូដែលផ្សេងទៀតរបស់ខ្លួននាថ្ងៃម្សិលមិញនេះ ដោយទូរស័ព្ទម៉ូដែលមួយនោះត្រូវបានឱ្យឈ្មោះថាទូរស័ព្ទ iPhone SE 2022។
ទូរស័ព្ទ iPhone SE 2022 មិនមានការកែប្រែអ្វីប្លែកជាងម៉ូដែលមុននោះទេ ដោយវាគ្រាន់តែបំពាក់មកជាមួយបន្ទះឈីប A15 Bionic ថ្មី (ជាបន្ទះឈីបតែមួយដែលយើងឃើញមានបំពាក់នៅលើម៉ូដែល iPhone 13) និងនៅតែរក្សាការរចនារូបរាងដដែល។
ការបំពាក់មកជាមួយនឹងបន្ទះឈីបថ្មីមិនមែនជារឿងតែមួយមុខដែលក្រុមហ៊ុន Apple ធ្វើការផ្លាស់ប្តូរទៅលើទូរស័ព្ទត្រកូល iPhone SE របស់ខ្លួននោះទេ ដោយទូរស័ព្ទ iPhone SE 2022 ជំនាន់ថ្មីនេះទៀតសោត បំពាក់មកជាមួយនឹងរ៉េមទំហំ 4GB ដែលលើសពីម៉ូដែលមុន 1GB (មានទំហំរ៉េមស្មើទៅនឹងទូរស័ព្ទ iPhone 13 ដែរ) និងមានល្បឿនលឿនជាងទូរស័ព្ទ iPhone SE 2020 រហូតដល់ទៅ 33%។
ទូរស័ព្ទ iPhone SE 2022 ជំនាន់ថ្មីនេះនឹងដាក់ឱ្យបើកការកុម្មង់ទិញមុនថ្ងៃសុក្រ ទី១១ ខែមីនា ហើយនឹងមានដាក់លក់ជាផ្លូវការនៅថ្ងៃទី១៨ ខែមីនា ជាមួយនឹងតម្លៃចាប់ពី $429 ឡើងទៅ (ជាតម្លៃនៅក្នុងគេហទំព័រផ្លូវការរបស់ក្រុមហ៊ុន Apple)៕
ប្រភព÷ GSMArena
Post a Comment