ក្រុមហ៊ុន Intel និយាយថា បន្ទះ CPU i9-12900KS 5.5GHz របស់ខ្លួនគឺជាប្រព័ន្ធដំណើរការដែលមានល្បឿនលឿនជាងគេនៅក្នុងពិភពលោក
ក្រុមហ៊ុនផលិតបន្ទះ CPU ឈានមុខគេលំដាប់ពិភពលោក Intel បានធ្វើការដាក់បញ្ចេញបន្ទះ CPU Core i9-12900KS "Special Edition" ថ្មីរបស់ខ្លួន ដែលក្រុមហ៊ុនបានអះអាងថាជាបន្ទះប្រព័ន្ធប្រតិបត្តិការ CPU សម្រាប់កំព្យូទ័រលើតុដែលមានល្បឿនលឿនជាងគេបង្អស់នៅក្នុងពិភពលោក។
ដូចទៅនឹងបន្ទះ CPU Core i9-12900K ដែរ ដោយ CPU Special Edition ថ្មីនេះ ភ្ជាប់មកជាមួយ Core ចំនួន 16 រួមជាមួយ Performance cores ចំនួនប្រាំបី និង Efficient cores ចំនួនប្រាំបីដូចគ្នា។ CPU Core i9-12900KS "Special Edition" ភ្ជាប់មកជាមួយ Threads ចំនួន 24 និងមានចំនួន L3 cache ទំហំ 30MB។ បន្ថែមពីនេះ ក្រុមហ៊ុន Intel ក៏បានធ្វើការ Boost ល្បឿន Clock Speed ពី 5.2GHz ទៅ 5.5GHz ផងដែរ។
ថ្មីៗនេះ ក្រុមហ៊ុន AMD បាននិយាយថា បន្ទះ CPU Ryzen 7 5800X3D ដែលមានតម្លៃ $449 របស់ខ្លួន គឺជាប្រព័ន្ធដំណើរការដែលមានល្បឿនលឿនជាងគេបង្អស់នៅក្នុងការលេងហ្គេម ហើយក្រុមហ៊ុនក៏បានអះអាងបន្ថែមផងដែរថា 3D V-Cache របស់បន្ទះ CPU មួយនេះអាចយកឈ្នះបន្ទះ CPU របស់ក្រុមហ៊ុន Intel Core i9-12900K ទៀតផង។ យ៉ាងណាម៉ិញ ក្រុមហ៊ុន Intel នៅតែមានជំនឿយ៉ាងមុតមាំចំពោះបន្ទះ CPU ថ្មីរបស់ខ្លួន ដោយសារតែវាមានល្បឿន Clock Speed ខ្ពស់ជាង CPU ជំនាន់មុនៗរបស់ខ្លួន។
បន្ទះ CPU Core i9-12900KS "Special Edition" នឹងមកដល់នៅក្នុងថ្ងៃទី០៥ ខែមេសា ខាងមុខនេះ ដែលវាអាចនឹងមានតម្លៃយ៉ាងហោចណាស់ចាប់ពី $739 ឡើងទៅ ដែលអាចស្មើទៅនឹងតម្លៃនៃការរៀបដំឡើង PC កម្រិតមធ្យមមួយ៕
ប្រភព៖ Engadget


Post a Comment