ឥឡូវនេះ Google Play Games ជំនាន់សាកល្បងត្រូវបានអនុញ្ញាតឱ្យប្រើនៅក្នុង Galaxy Books មួយចំនួនហើយ

បើសិនជាអ្នកបានតាមដានអំពីក្រុមហ៊ុន Google អ្នកប្រាកដជាដឹងហើយថាក្រុមហ៊ុនមួយនេះបានព្យាយាមនាំយក Google Play Games ដែលជាសេវាកម្មដែលផ្តល់ការលេងហ្គេមនៅលើទូរស័ព្ទ ទៅកាន់ប្រព័ន្ធប្រតិបត្តិការ Windows នៅក្នុងកំព្យូទ័រ (ចុចលើតំណភ្ជាប់ទី១ និងទី២ សម្រាប់អានអត្ថបទទាក់ទង)។ ប៉ុន្តែសេវាកម្មមួយនេះ ពុំទាន់មានភាពទូលំទូលាយនៅក្នុងការប្រើប្រាស់នៅឡើយនោះទេ។

ក្រុមហ៊ុន Google បានធ្វើការសន្យាថា ពួកគេនឹងផ្តល់ជូន ក៏ដូចជានឹងនាំយកកម្មវិធីនៅក្នុងប្រព័ន្ធប្រតិបត្តិការ Android ទៅកាន់ប្រព័ន្ធប្រតិបត្តិការ Windows ហើយឥឡូវនេះ ក្រុមហ៊ុន Google កំពុងធ្វើការនៅលើការនាំយកសេវាកម្ម Google Play Games ជំនាន់សាកល្បងទៅកាន់ប្រព័ន្ធប្រតិបត្តិការ Windows ជាបណ្តើរៗហើយ។


បន្ថែមពីនេះ ក្រុមហ៊ុន Google បាននឹងកំពុងព្យាយាមផ្ញើលិខិតអញ្ជើញទៅកាន់ម្ចាស់ Samsung Galaxy Book នៅក្នុងទីក្រុងហុងកុង ប្រទេសកូរ៉េខាងត្បូង និងកោះតៃវ៉ាន់ ដើម្បីឱ្យពួកគេធ្វើការសាកល្បងទៅលើមុខងារជំនាន់សាកល្បងថ្មីមួយនេះ។

តាមរយៈផុសនៅក្នុងកម្មវិធីបណ្តាញសង្គម Twitter ខាងលើបានបង្ហាញយើងពីចំណុចប្រទាក់របស់ Google Play Games នៅក្នុងប្រព័ន្ធប្រតិបត្តិការ Windows រួមជាមួយនឹងចំណងជើងហ្គេមមួយចំនួនដែលអាចគាំទ្រជាមួយនឹងសេវាកម្មជំនាន់សាកល្បងនេះបាន ប៉ុន្តែមិនមានគ្រប់ហ្គេម ឬកម្មវិធីទាំងអស់នោះទេ។ ក្រុមហ៊ុន Google អាចនឹងព្យាយាមនាំយកហ្គេមល្បីៗមកជាមុនសិន និងបន្ទាប់ពីនេះ ពួកគេអាចនឹងព្យាយាមនាំយកហ្គេម ឬកម្មវិធីផ្សេងទៀតមកតាមក្រោយ។

ក្រុមហ៊ុន Google ក៏បានបង្ហាញពីលក្ខណៈសម្បត្តិរបស់ឧបករណ៍ ឬកុំព្យូទ័រ Windows ដែលអាចប្រើប្រាស់សេវាកម្ម Google Play Games មួយនេះផងដែរ ដោយឧបករណ៍ ឬកុំព្យូទ័រទាំងអស់នោះតម្រូវឱ្យប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Windows 10 និងមានប្រភេទអង្គផ្ទុកទិន្នន័យជា SSD និងមានទំហំចាប់ពី 20GB ឡើងទៅ៕


ប្រភព÷ GSMArena

Post a Comment

To Top