រុស្ស៊ីបិទកម្មវិធី Google News ពីប្រទេសរបស់ខ្លួន

Google News ដែលជាកម្មវិធី ក៏ដូចជាសេវាកម្មផ្ទុក និងបង្ហាញពីព័ត៌មានទាំងអស់នៅជុំវិញពិភពលោក ត្រូវបានបិទនៅក្នុងប្រទេសរុស្ស៊ីហើយ។ បើយោងតាមសារព័ត៌មាន Reuters បានឱ្យដឹងថា ក្រុមហ៊ុនទូរគមនាគមន៍ Roskomnadzor របស់ប្រទេសរុស្ស៊ីបានធ្វើការបិទរារាំងកម្មវិធី Google News ដោយមិនអនុញ្ញាតឱ្យចូលទៅប្រើប្រាស់បាន។

ក្រុមហ៊ុនទូរគមនាគមន៍ដដែលនេះបាននិយាយថា ពួកគេបានធ្វើការបិទនូវកម្មវិធី Google News ដោយសារតែកម្មវិធីមួយនេះបានផ្តល់សិទ្ធិដល់ការចេញផ្សាយនូវព័ត៌មានមិនពិតស្តីអំពីប្រតិបត្តិការយោធាពិសេសនៅក្នុងប្រទេសអ៊ុយក្រែន។


គួរបញ្ជាក់ផងដែរថា នៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ប្រទេសរុស្ស៊ីបានធ្វើការបិទក្រុមហ៊ុន និងកម្មវិធីបណ្តាញសង្គមធំៗមួយចំនួនដែលមានដូចជា កម្មវិធី Instagram, Facebook និង Twitter ហើយឥឡូវនេះក៏មានរួមបញ្ចូលកម្មវិធី Google News របស់ក្រុមហ៊ុន Google ផងដែរ។

ក្រុមហ៊ុន Google ពុំទាន់ធ្វើការឆ្លើយតបទៅលើបញ្ហាមួយនេះនៅឡើយនោះទេ ប៉ុន្តែដូចដែលបានលើកឡើងខាងលើ ក្រុមហ៊ុន Google មិនមែនជាក្រុមហ៊ុនដំបូងដែលប្រទេសរុស្ស៊ីបានរកឃើញនូវកំហុសឆ្គង និងបានបិទពីប្រទេសរបស់ខ្លួននោះទេ៕


ប្រភព÷ Engadget

Post a Comment

To Top