មុខងារ @everyone ថ្មីនៅក្នុងកម្មវិធី Messenger អាចឱ្យអ្នកជូនដំណឹងដល់សមាជិកក្នុងក្រុមឆាតទាំងអស់បាន
ក្រុមហ៊ុន Meta កំពុងតែបន្ថែមនូវមុខងារមួយចំនួនទៅក្នុងកម្មវិធី Messenger ដែលក្នុងចំណោមមុខងារទាំងអស់នោះ ក៏មានមុខងារ @everyone ដែលស្រដៀងទៅនឹងមុខងាររបស់កម្មវិធី Slack ដែរ។ ចាប់ពីថ្ងៃនេះតទៅ នៅពេលដែលអ្នកប្រើប្រាស់មុខងារ @everyone នោះមុខងារមួយនេះនឹងជូនដំណឹងដល់សមាជិកក្រុមឆាតទាំងអស់ឱ្យបានដឹងនូវរឿងសំខាន់ដែលអ្នកចង់ប្រាប់ពួកគេ។
Messenger ក៏កំពុងតែបន្ថែមនូវមុខងារ /siltent ផងដែរ ដោយនៅពេលដែលអ្នកធ្វើការផ្ញើសារទៅកាន់នរណាម្នាក់ដោយប្រើប្រាស់នូវមុខងារមួយនេះ នោះអ្នកប្រើប្រាស់ម្ខាងទៀតនឹងទទួលបានសាររបស់អ្នកដោយពុំលឺសម្លេងសារជូនដំណឹងឡើយ។
ដើម្បីអាចអនុវត្តមុខងារផ្ញើសារដោយពុំលឺសម្លេងបាន អ្នកគ្រាន់តែវាយពាក្យ “/silent” មុនពេលសរសេរសាររបស់អ្នកជាការស្រេច។ មុខងារទាំងពីរខាងលើនេះ សឹតសឹងតែមានដាក់ឱ្យប្រើប្រាស់នៅក្នុងទូរស័ព្ទដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android និង IOS។
ក្រុមហ៊ុន Meta មានគម្រោងបន្ថែមទៀតសម្រាប់កម្មវិធី Messenger របស់ខ្លួន តួយ៉ាងដូចជានៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ អ្នកប្រើប្រាស់ទាំងអស់នៅក្នុងសហរដ្ឋអាមេរិក ទទួលបាននូវមុខងារ /pay ដែលជាមុខងារអាចផ្ញើ និងទទួលប្រាក់បាននៅក្នុងក្រុមឆាត។
បើទោះបីជាយ៉ាងណាក៏ដោយ មុខងារមួយចំនួនអាចប្រើប្រាស់បានតែនៅក្នុងសហរដ្ឋអាមេរិកប៉ុណ្ណោះ ដោយក្រុមហ៊ុន Meta នឹងបញ្ចេញមុខងារទាំងនោះជាសកលនាពេលក្រោយ នៅពេលដែលមុខងារទាំងនោះមានដំណើរការល្អ៕
ប្រភព៖ Engadget


Post a Comment