ប្រទេសរុស្ស៊ីបានធ្វើការបដិសេធទៅលើការអះអាងដែលថាអវកាសយានិករបស់ខ្លួន ពាក់អាវពណ៌លឿងដើម្បីគាំទ្រប្រទេសអ៊ុយក្រែន

បើយោងតាមការរាយការណ៍ពីសារព័ត៌មាន BBC បានឱ្យដឹងថា ទីភ្នាក់ងារអវកាសរុស្ស៊ី Roscosmos បានធ្វើការបដិសេធទៅលើការអះអាងថា អវកាសយានិកបីនាក់របស់ខ្លួនបានពាក់ឈុតពណ៌លឿងដែលមើលទៅហាក់បីដូចជាពួកគេបានចូលរួមការប្រឆាំងទៅនឹងសង្រ្គាមទៅលើប្រទេសអ៊ុយក្រែន ដែលបង្កឡើងដោយប្រទេសរុស្ស៊ី។

អវកាសយានិកទាំងបីនាក់ដែលបានពាក់ឈុតពណ៌លឿង និងពណ៌ខៀវនៅពេលដែលពួកគេចេញទៅបំពេញភារកិច្ចនៅស្ថានីយ៍អវកាសអន្តរជាតិនាថ្ងៃសុក្រកន្លងទៅមានដូចជា អវកាសយានិក Denis Mateev, Oleg Artemyev និង Sergey Korsakov។


ទីភ្នាក់ងារអវកាសរុស្ស៊ី Roscosmos បានធ្វើការច្រានចោលភ្លាមៗទៅលើការអះអាងដែលបានលើកឡើងថា អវកាសយានិករបស់ខ្លួនបានពាក់ឈុតពណ៌លឿង និងពណ៌ខៀវដើម្បីបង្ហាញពីការគាំទ្រការបញ្ឈប់សង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន។ ទីភ្នាក់ងារអវកាសរុស្ស៊ីបានសរសេរតាមរយៈកម្មវិធី Telegram ថា “ពេលខ្លះពណ៌លឿងគ្រាន់តែជាពណ៌លឿងប៉ុណ្ណោះ ការរចនាពណ៌ឯកសណ្ឋានត្រូវបានធ្វើការរចនាបែបនេះជាយូរណាស់មកហើយ”។ 


ស្ថាប័នដដែលនេះក៏បានធ្វើការបង្ហោះនៅក្នុងគណនីបណ្តាញសង្គម Twitter របស់ខ្លួនផងដែរ ដោយនៅក្នុងការបង្ហោះនោះបានសរសេរថា ពណ៌លឿង និងពណ៌ខៀវគឺជានិមិត្តសញ្ញាដំណាងឱ្យសាកលវិទ្យាល័យបច្ចេកទេសប្រចាំរដ្ឋ Bauman Moscow ដែលជាទីកន្លែងកំណើតរបស់អវកាសយានិកទាំងបីរូប៕


ប្រភព÷ The Verge

Post a Comment

To Top