ប្រទេសអ៊ុយក្រែនអាចនឹងធ្វើការផ្លាស់ទីទិន្នន័យ និងម៉ាសុីនមេសម្ងាត់របស់ខ្លួនទៅកាន់ប្រទេសផ្សេងទៀត
បើយោងតាមការរាយការណ៍របស់សារព័ត៌មាន Reuters បានឱ្យដឹងថា ប្រទេសអ៊ុយក្រែនមានការភ័យខ្លាចទៅលើប្រទេសរុស្ស៊ីអំពីឯកសារសម្ងាត់របស់ខ្លួន ដោយហេតុនេះហើយ ទើបធ្វើឱ្យប្រទេសអ៊ុយក្រែនព្យាយាមស្វែងរកមធ្យោបាយថ្មីនៅក្នុងការផ្លាស់ទីរាល់ទិន្នន័យ និងម៉ាសុីនមេធំទាំងអស់នោះ ទៅកាន់ប្រទេសមួយផ្សេងទៀតដែលមានសុវត្ថិភាព។
យ៉ាងណាម៉ិញ គម្រោងនៃការផ្លាស់ទីប្រព័ន្ធផ្ទុកទិន្នន័យមួយនេះ គ្រាន់តែជាផែនការបន្ទាប់បន្សំ ឬផែនការ B របស់លោក Victor Zhora ដែលជាអនុប្រធានផ្នែកការពារព័ត៌មានរបស់ប្រទេសអ៊ុយក្រែនប៉ុណ្ណោះ ដោយខណៈពេលនេះផ្ទាល់ ផែនការដើមគឺត្រូវរក្សាសុវត្ថិភាព និងការពារហេដ្ឋារចនាសម្ព័ន្ធព័ត៌មានមានបច្ចេកវិទ្យារបស់ប្រទេសអ៊ុយក្រែនជាមុនសិន។
ប្រទេសអ៊ុយក្រែនបានប្រឈមមុខទៅនឹងការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺរណិតដ៏ខ្លាំងក្លាពីប្រទេសជិតខាងរួចមកហើយ ដែលរួមមានការជ្រៀតចូលទៅក្នុងបណ្តាញយោធា និងប្រព័ន្ធថាមពលណេតវឺកផងដែរ។ ប្រទេសរុស្ស៊ីក៏ធ្លាប់បានជ្រៀតចូលការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៃប្រទេសអ៊ុយក្រែននៅឆ្នាំ២០១៤ ផងដែរ និងបានវាយប្រហារទៅលើប្រព័ន្ធថាមពលរបស់ប្រទេសអ៊ុយក្រែនជាច្រើនលើកច្រើនសា ដែលធ្វើឱ្យប្រទេសមួយនេះដាច់ភ្លើងអស់ជាច្រើនថ្ងៃទៀតផង។
រដ្ឋាភិបាលនៃប្រទេសអ៊ុយក្រែន បានចាត់វិធានការប្រុងប្រយ័ត្នដោយការចំណាកស្រុកប្រព័ន្ធកំព្យូទ័ររបស់ខ្លួនទៅកាន់ទីក្រុងគៀវនៅក្នុងឆ្នាំ២០១៤ បន្ទាប់ពីប្រទេសរុស្ស៊ីបានចូលកាន់កាប់តំបន់គ្រីមេ។ លោក Zhora បានប្រាប់ទៅ Politico ថា ក្រុមព័ត៌មានបច្ចេកវិទ្យារបស់ប្រទេសអ៊ុយក្រែនបានបង្កើតគម្រោងបិទទុកបម្រុង នៅក្នុងករណីដែលប្រព័ន្ធណេតវឺករបស់ពួកគេត្រូវបានហេគ ឬមានជនអនាមិកមកគ្រប់គ្រង។
បើទោះបីជាយ៉ាងណាក៏ដោយ ទីក្រុងគៀវនៅតែជាកន្លែងគ្រោះថ្នាក់នៅក្នុងការដម្កល់ទុកប្រព័ន្ធទិន្នន័យ ឬឯកសារសម្ងាត់សំខាន់ៗទាំងអស់នោះដដែល ដោយបើយោងតាមការប៉ាន់ស្មានរបស់អ្នកជំនាញ ប្រទេសរុស្ស៊ីអាចនឹងបើកការវាយប្រហារទៅលើទីក្រុងមួយនេះក្នុងរយៈឆាប់ៗខាងមុខនេះជាក់ជាមិនខាន។ ហេតុនេះហើយ ទើបរដ្ឋាភិបាលនៃប្រទេសអ៊ុយក្រែន កំពុងរិះរកវិធីសាស្ត្រនៅក្នុងការផ្លាស់ទីប្រព័ន្ធទិន្នន័យដែលផ្ទុករាល់ឯកសារសម្ងាត់របស់ខ្លួនទៅកាន់ប្រទេសផ្សេងទៀត ដើម្បីឱ្យផុតពីដៃរបស់ប្រទេសរុស្ស៊ី។
ប្រទេសអ៊ុយក្រែនពុំទាន់បានផ្តល់ព័ត៌មានជាក់លាក់ណាមួយអំពីការផ្លាស់ប្តូរនេះនៅឡើយនោះទេ ប៉ុន្តែយើងអាចសន្និដ្ឋានបានថា ប្រទេសអ៊ុយក្រែនអាចនឹងផ្លាស់ទីម៉ាសុីនមេ ក៏ដូចជាប្រព័ន្ធផ្ទុកទិន្នន័យឯកសារសម្ងាត់របស់ខ្លួន ចេញឆ្ងាយពីប្រទេសរុស្ស៊ី ឬប្រទេសរបស់ខ្លួន ដើម្បីធានាឱ្យបាននូវសុវត្ថិភាពនៃឯកសារសម្ងាត់ និងប្រព័ន្ធទិន្នន័យសម្ងាត់ទាំងអស់នោះ៕
ប្រភព÷ Engadget
Post a Comment