ប្រជាជននៅទីក្រុងញូវយ៉កត្រូវបានជំរុញឱ្យធ្វើការការពារពីការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺរណិតសងសឹក បន្ទាប់ពីសហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មទៅលើប្រទេសរុស្ស៊ី
ប្រជាជនដែលរស់នៅក្នុងទីក្រុងញូវយ៉ក ត្រូវបានជំរុញឱ្យរក្សាការប្រុងប្រយ័ត្ន និងការពារខ្លួនប្រឆាំងពីការគំរាមកំហែងតាមប្រព័ន្ធអ៊ីនធឺរណិតដែលអាចនឹងកើតមានឡើងនៅក្នុងពេលណាមួយ បន្ទាប់ពីសហរដ្ឋបានដាក់ទណ្ឌកម្មទៅលើប្រទេសរុស្ស៊ីអំពីការលុកលុយទៅលើប្រទេសអ៊ុយក្រែន។
បណ្តាប្រទេសដែលបានដាក់ទណ្ឌកម្មទៅលើប្រទេសរុស្ស៊ី
កំពុងតែមានការព្រួយបារម្ភពីការវាយប្រហារតបតរវិញរបស់ប្រទេសរុស្ស៊ីតាមរយៈប្រព័ន្ធអ៊ីនធឺរណិត
ដោយនៅក្នងចំណោមប្រទេសទាំងអស់នោះ
សហរដ្ឋអាមេរិកក៏ជាប្រទេសដែលបានដាក់ទណ្ឌកម្មទៅលើប្រទេសរុស្ស៊ីដែរ។
សមាជិកព្រឹទ្ធសភានៃសហរដ្ឋអាមេរិកគឺអ្នកស្រី Kirsten
Gillibrand បាននិយាយថា÷
“បន្ទាប់ពីទណ្ឌកម្មរបស់សហរដ្ឋអាមេរិក
និងបណ្តាប្រទេសដែលជាសម្ព័ន្ធមិត្តរបស់យើងបានធ្វើទៅលើប្រទេសរុស្ស៊ី
វាអាចនឹងបង្កឱ្យមានហានិភ័យខ្ពស់ណាស់អំពីការវាយប្រហារសងសឹកមកវិញពីប្រទេសរុស្ស៊ីតាមរយៈប្រព័ន្ធអ៊ីនធឺរណិត
ដែលអាចជាការសងសឹកប្រឆាំងនឹងហេដ្ឋារចនាសម្ព័ន្ធ ឬទៅលើប្រជាជននៃទីក្រុងញូវយ៉ក”។
លោក Brad Lander ដែលមកពី NYC
Comptroller និងបានចូលរួមសន្និសីទសារព័ត៌មានរបស់អ្នកស្រី Gillibrand
បាននិយាយថា
ទីក្រុងញូវយ៉កត្រូវតែត្រៀមខ្លួនការពារពីការវាយប្រហារណាមួយតាមប្រព័ន្ធអ៊ីនធឺរណិត
ទាំងសុវត្ថិភាពផ្នែកហិរញ្ញវត្ថុ និងសុវត្ថិភាពសាធារណៈ។
លោក Lander ក៏បាននិយាយបន្ថែមទៀតផងដែរថា÷ “ទីក្រុងញូវយ៉កត្រូវតែចាត់វិធានការជាលក្ខណៈបុគ្គល និងជាសមូហភាព ដើម្បីធ្វើការប្រឆាំងការពារពីការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺរណិត ដែលពួកគេអាចនឹងធ្វើការវាយប្រហារទៅលើព័ត៌មានហិរញ្ញវត្ថុ ឬព័ត៌មានផ្ទាល់ខ្លួនរបស់យើង”៕
Post a Comment