ក្រុមហ៊ុន Apple បញ្ចេញ IOS 15.4 ជាផ្លូវការ ជាមួយនឹងមុខងារដោះសោរ Face ID ដោយមិនបាច់ដោះម៉ាស់

ថ្ងៃនេះ ក្រុមហ៊ុន Apple បានទម្លាក់កំណែអាប់ដេត IOS 15.4 ថ្មីសម្រាប់ទូរស័ព្ទដៃ iPhone របស់ខ្លួនជាផ្លូវការ ជាមួយនឹងមុខងារដោះសោរ Face ID ថ្មី ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ អាចធ្វើការដោះសោរដោយមិនចាំបាច់ដោះម៉ាស់បាន។

ជាមួយនឹងប្រព័ន្ធប្រតិបត្តិការ IOS 15.4 ថ្មីនេះ នឹងត្រូវបានដាក់ឱ្យអាប់ដេតសម្រាប់ម៉ូដែលទូរស័ព្ទដៃ iPhone ដែលអាចទ្រទ្រង់កំណែអាប់ដេតថ្មីនេះបាន តួយ៉ាងដូចជាមុខងារដោះសោរ Face ID ដែលមានចាប់ពីទូរស័ព្ទដៃ iPhone X ឡើងទៅ។ 

គួរបញ្ជាក់ផងដែរថា មុខងារដោះសោរ Face ID ដោយមិនបាច់ដោះម៉ាស់នេះ មិនមែនជាមុខងារធ្វើការស្កេនម៉ាស់របស់អ្នកដើម្បីកំណត់យកការដោះសោរនោះទេ ដោយមុខងារថ្មីនេះនឹងធ្វើការស្កេនតំបន់ជុំវិញភ្នែករបស់អ្នក ដើម្បីកំណត់អត្តសញ្ញាណរបស់អ្នកតែប៉ុណ្ណោះ ដូចនេះវាអាចនឹងមានប្រព័ន្ធសុវត្ថិភាពខ្សោយជាងពេលដែលអ្នកដោះសោរដោយបើកម៉ាស់បន្តិចបន្តួច។


អ្នកអាចចូលទៅកំណត់មុខងារនេះបាននៅក្នុង Setting នៅពេលដែលអ្នកបានធ្វើការអាប់ដេតរួចរាល់ ហើយមុខងារមួយនេះក៏បានរំលឹកអ្នកអំពីប្រព័ន្ធសុវត្ថិភាពដោះសោរដោយពាក់ម៉ាស់ថ្មី ដែលវាមានកម្រិតសុវត្ថិភាពតិចជាងមុខងារ Face ID ដើមដែលអាចដោះសោរបាន លុះត្រាតែអ្នកដោះម៉ាស់ផងដែរ។

ជាអកុសល ក្រុមហ៊ុន Apple មិនបាននាំយកមុខងារ Face ID ដោះសោរដោយមិនដោះម៉ាស់នេះសម្រាប់ទូរស័ព្ទដៃ iPhone X, iPhone XS និង iPhone XR នោះទេ បើទោះបីជាទូរស័ព្ទដៃទាំងបីម៉ូដែលនេះ មានភ្ជាប់មកស្រាប់ជាមួយនឹងមុខងារ Face ID ក៏ដោយ ដោយក្រុមហ៊ុន Apple បានកំណត់មុខងារនេះ សម្រាប់តែទូរស័ព្ទស៊េរី iPhone 12 ឡើងទៅប៉ុណ្ណោះ។


មុខងារសំខាន់មួយទៀតនៅក្នុងប្រព័ន្ធប្រតិបត្តិការ iPad OS 15.4 ថ្មីនោះគឺជាមុខងារ Universal Control ដែលជាមុខងារដែលអនុញ្ញាតឱ្យម្ចាស់ Mac និង iPad អាចបញ្ជា Mouse រួមគ្នាពីអេក្រង់ Mac ទៅ iPad បាន ហើយអ្នកប្រើប្រាស់ក៏អាចធ្វើការផ្ទេរឯកសារ ឬទិន្នន័យពីឧបករណ៍ទាំងពីរ ទៅវិញទៅមកបានផងដែរ នៅពេលដែលឧបករណ៍ទាំងពីរនៅជិតគ្នា៕


ប្រភព÷ GSMArena

Post a Comment

To Top