ក្រុមហ៊ុន Apple ត្រូវបានគេរាយការណ៍ថាគ្រោងនឹងបន្ថែមសេវាកម្មបង់ប្រាក់ផ្នែក Hardware សម្រាប់ទូរស័ព្ទដៃ iPhone

ទូរស័ព្ទដៃ iPhone និងឧបករណ៍ផ្សេងៗទៀតរបស់ក្រុមហ៊ុន Apple មានតម្លៃខ្លួនកាន់តែថ្លៃឡើងៗ បើប្រៀបធៀបទៅនឹងតម្លៃទូរស័ព្ទ និងឧបករណ៍របស់ម៉ូដែលមុនៗ។ បើយោងតាមសារព័ត៌មាន Bloomberg បានឱ្យដឹងថា ក្រុមហ៊ុន Apple កំពុងបង្កើតកញ្ចប់សេវាកម្មប្រចាំខែសម្រាប់ផ្នែក Hardware នៅក្នុងទូរស័ព្ទដៃ iPhone។

ស្រដៀងទៅនឹងការបង់សេវាកម្មសម្រាប់កម្មវិធីរបស់ក្រុមហ៊ុន Apple ដែរ (សំដៅលើការបង់ប្រចាំខែ iCloud) ដោយអ្នកអាចធ្វើការបង់ និងគ្រប់គ្រងនូវសេវាកម្មផ្នែក Hardware ថ្មីនេះបានតាមរយៈគណនី Apple របស់អ្នកផ្ទាល់។


សម្រាប់ពត៌មានលម្អិតទាក់ទងទៅនឹងកញ្ចប់សេវាកម្មថ្មីនេះ ក្រុមហ៊ុន Apple មិនទាន់បានបង្ហើបនៅឡើយនោះទេ ប៉ុន្តែវាអាចនឹងត្រូវបានដាក់ឱ្យអនុវត្តនៅចុងឆ្នាំ២០២២ ឬដើមឆ្នាំ២០២៣ ខាងមុខនេះ។ ចំពោះតម្លៃពិតប្រាកដ យើងក៏មិនទាន់អាចដឹងបាននៅឡើយនោះទេ ប៉ុន្តែសម្រាប់តម្លៃនៃកញ្ចប់សេវាកម្មនៃការអាប់ដេតបច្ចុប្បន្ន ក្រុមហ៊ុន Apple បានវៃស្លាក 35 ដុល្លារ ឬច្រើនជាងនេះនៅក្នុងមួយខែ ដើម្បីអាចទទួលបាននូវការអាប់ដេតទូរស័ព្ទដៃ iPhone ប្រចាំឆ្នាំ បូករួមជាមួយនឹងការធានារ៉ាប់រង AppleCare+។


ក្រុមហ៊ុន Apple បានធ្វើការបដិសេធនៅក្នុងការបញ្ចេញមតិទៅលើកញ្ចប់សេវាកម្មថ្មីនេះ ប៉ុន្តែក្រុមហ៊ុនមួយនេះពុំមានភាពខ្មាស់អៀននៅក្នុងការបន្ថែមថ្លៃសេវាកម្មទៅលើកម្មវិធី ឬផលិតផលរបស់ខ្លួននោះទេ តួយ៉ាងដូចជាកញ្ចប់សេវាកម្មកម្មវិធី Apple Music, TV+ និង Fitness+ ជាដើម ដែលសុទ្ធសឹងតែជាកញ្ចប់សេវាកម្មរកប្រាក់ចំណូលបន្ថែមក្រៅរបស់ក្រុមហ៊ុន Apple។

កញ្ចប់សេវាកម្មផ្នែក Hardware ថ្មីរបស់ក្រុមហ៊ុន Apple អាចនឹងក្លាយជារបៀបរកប្រាក់ចំណូលបន្ថែមក្រៅដ៏ធំមួយរបស់ក្រុមហ៊ុនមួយនេះ ដោយវាអាចនឹងផ្តោតទៅលើអ្នកប្រើប្រាស់ដែលមិនចង់ធ្វើការផ្លាស់ប្តូរទូរស័ព្ទដៃ iPhone ឬឧបករណ៍ប្រើប្រាស់របស់ពួកគេ ហើយប្រាកដណាស់ ពួកគេនឹងត្រូវការចាំបាច់នូវសេវាកម្មផ្នែក Hardware មួយនេះ នៅពេលដែលទូរស័ព្ទដៃ ឬឧបករណ៍ប្រើប្រាស់របស់ពួកគេមានបញ្ហា៕


ប្រភព÷ Engadget

Post a Comment

To Top