ក្រុមហ៊ុន YouTube បានបញ្ចេញផ្ទាំង UI ចាក់វីដេអូថ្មីនៅលើ Android និង IOS

YouTube ដែលជាកម្មវិធីមួយក្នុងចំណោមកម្មវិធីដ៏ទៃទៀតរបស់ក្រុមហ៊ុន Google បានដាក់បញ្ចេញនូវកំណែអាប់ដេតទៅកាន់ផ្ទាំង UI ចាក់វីដេអូថ្មី ដែលយើងអាចឃើញបានដូចទៅនឹងរូបភាពខាងក្រោម។ (និយាយពីយូធូប GTC ក៏មានឆាណែលយូធូបផ្ទាល់ខ្លួនដែរ បើសិនជាអ្នកចូលចិត្ត អ្នកអាចចុចលើ តំណភ្ជាប់មួយនេះបាន)

ក្រុមហ៊ុន YouTube ហាក់បីដូចជាចង់បន្ថែមនូវប៊ូតុងសំខាន់ៗចូលទៅក្នុងផ្ទៃចាក់វីដេអូរបស់ខ្លួន តួយ៉ាងដូចនៅក្នុងរូបភាពជាក់ស្តែង យើងអាចឃើញនូវប៊ូតុងមេដៃចូលចិត្ត និងមិនចូលចិត្ត (Like, Dislike) ប៊ូតុងដើម្បីមើល និងបញ្ចេញមតិយោបល់ ប៊ូតុងបង្កើតជា Playlist ប៊ូតុងសម្រាប់ចែករំលែក និងផ្ទាំងបង្ហាញវីដេអូផ្សេងៗទៀតផងដែរ។

បើយោងតាមប្រភពព័ត៌មាន GSMArena បាននិយាយថា ពួកគេបានសាកល្បងមុខងារថ្មីរបស់កម្មវិធី YouTube មួយនេះនៅលើទូរស័ព្ទដែលដើរដោយប្រព័ន្ធប្រតិបត្តិការ Android 12 និងសាកល្បងនៅលើកម្មវិធី YouTube ជំនាន់ 17.03.35។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ គឺអ្នកនៅតែអាចផ្តល់មេដៃមិនចូលចិត្តបានដដែល ប៉ុន្តែវានៅតែមិនបង្ហាញនូវចំនួនលេខនៃមេដៃមិនចូលចិត្តនោះទេ។

មុខងារគ្រប់គ្រងថ្មីរបស់កម្មវិធី YouTube អាចអនុញ្ញាតឱ្យអ្នកធ្វើការបត់បែន និងផ្លាស់ប្តូរនូវបែបបទនៃការទស្សនាវីដេអូបាន តួយ៉ាងដូចជាការបង្រួមវីដេអូ (minimize) ជាដើម។ អ្នកអាចទទួលយកនូវបទពិសោធន៍នៃមុខងារថ្មីៗរបស់កម្មវីធី YouTube បានតាមរយៈការទាញយក និងធ្វើកំណែអាប់ដេតទៅកាន់ជំនាន់ចុងក្រោយរបស់កម្មវិធី ទាំងនៅលើទូរស័ព្ទដែលដើរដោយប្រព័ន្ធប្រតិបត្តិការ Android និង IOS៕


ប្រភព÷ GSMArena

Post a Comment

To Top