ក្រុមហ៊ុន Xiaomi បានបង្ហាញពីលក្ខណៈសម្បត្តិនៃកាមេរ៉ារបស់ទូរស័ព្ទ Redmi K50 Gaming Edition

ទូរស័ព្ទ Redmi K50 Gaming Edition នឹងបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃទី១៦ ខែកុម្ភៈ ហើយឥឡូវនេះ ក្រុមហ៊ុន Redmi ក៏បានធ្វើយុទ្ធនាការផ្សព្វផ្សាយអំពីលក្ខណៈសម្បត្តិពិសេសៗ និងការរចនានៃស្មាតហ្វូន Gaming របស់ខ្លួន ដោយបានប្រាប់បន្ថែមអំពីប៊ូតុងចុចបញ្ជាបាញ់នៅក្នុងហ្គេម (Shoulder Trigger) និងមុខងារបន្សាបកម្តៅថ្មីដែលក្រុមហ៊ុនឱ្យឈ្មោះថា 4,860 sq.mm vapor chamber ដែលអាចបន្សាបកម្តៅបាន 40%។

បន្ថែមពីនេះ ក្រុមហ៊ុន Redmi ក៏បានចែករំលែកនូវព័ត៌មានមួយចំនួនដែលពាក់ព័ន្ធជាមួយនឹងកាមេរ៉ានៃទូរស័ព្ទ Gaming របស់ខ្លួនផងដែរ តួយ៉ាងទូរស័ព្ទ Redmi K50 Gaming Edition នឹងប្រើប្រាស់សេនស័រ Sony IMX686 ទំហំ 64 មេហ្កាភិចស៊ែល ដែលជាលេនកាមេរ៉ាគោល ហើយលេនកាមេរ៉ានេះសោត មានសមត្ថភាពអាចផ្តិតយករូបភាពពេលយប់បានដោយគួរឱ្យចាប់អារម្មណ៍ ដោយវាអាចផ្តិតយកទំហំរូបភាពបានរហូតដល់ទៅ 9,248x6,944-pixels។ រីឯកាមេរ៉ាខាងមុខវិញ ទូរស័ព្ទមួយនេះ នឹងប្រើប្រាស់ជាមួយលេនកាមេរ៉ាទម្លុះអេក្រង់របស់ក្រុមហ៊ុន Sony ម៉ូដែល Sony IMX596 ដែលមានទំហំ 20 មេហ្កាភិចស៊ែល។

ក្រុមហ៊ុន Redmi ក៏បានចែករំលែករូបភាពពីរសន្លឹក ដែលថតចេញពីកាមេរ៉ាខាងមុខ និងខាងក្រោយរបស់ទូរស័ព្ទ Redmi K50 Gaming Edition ដែលអ្នកអាចពិនិត្យបានដូចខាងក្រោម÷

រូបភាពថតចេញពីកាមេរ៉ាខាងក្រោយ

រូបភាពថតចេញពីកាមេរ៉ាខាងមុខ

ជាមួយគ្នានេះដែរ ក្រុមហ៊ុន Redmi ក៏បានបង្ហាញបន្ថែមអំពីមុខងារ anti-flicker sensor ដែលជួយជាជំនួយដល់ការផ្តិតយករូបភាពជាមួយនឹងពន្លឺដែលយើងបានឃើញដោយភ្នែក (real-time exposure adjustment)។

សម្រាប់អេក្រង់វិញ ទូរស័ព្ទ Redmi K50 Gaming Edition នឹងបំពាក់មកជាមួយបន្ទះអេក្រង់ OLED ដែលមានកម្រិតបង្ហាញ FullHD+ បូករួមជាមួយនឹងល្បឿនអូសអេក្រង់ 120Hz និងល្បឿនប៉ះបញ្ជាអេក្រង់ (Touch Sampling) 480Hz។ អេក្រង់ដែលមានសមត្ថភាពខ្លាំងមួយនេះ ក៏ក្រាលមកបន្ថែមជាមួយនឹងកញ្ចក់ការពារ Gorilla Glass Victus និងទទួលបាននូវវិញ្ញាបនបត្រ Display Mate's A+ ផងដែរ។



ក្រុមហ៊ុន Redmi ក៏បានបង្ហាញពីទូរស័ព្ទ Redmi K50 Gaming Edition ជាមួយនឹងជម្រើសពណ៌ប្រាក់ផងដែរ ហើយក្រុមហ៊ុនក៏បានបញ្ជាក់ថា ទូរស័ព្ទមួយនេះនឹងមកជាមួយជម្រើសពណ៌ចំនួនពីរពណ៌ ដែលមួយពណ៌ទៀតគឺជាពណ៌ខៀវ។

ដូចដែលបានលើកឡើងពីខាងលើ ក្រុមហ៊ុន Redmi នឹងដាក់បង្ហាញទូរស័ព្ទ Gaming របស់ខ្លួនមួយនេះជាផ្លូវការនៅក្នុងរយៈពេលពីរថ្ងៃខាងមុខទៀត ដូចនេះសម្រាប់តម្លៃ និងលក្ខណៈសម្បត្តិបន្ថែម យើងមានតែចាំមើលនាពេលខាងមុខបន្តទៅទៀត៕


ប្រភព÷ GSMArena

Post a Comment

To Top