ក្រុមហ៊ុន SpaceX បានដាក់បង្ហាញនូវកញ្ចប់សេវាកម្ម Premium Starlink ដែលមានតម្លៃប្រចាំខែ $500 និងមានល្បឿនអ៊ីនធើណែតរហូតដល់ទៅ 500 Mbps
បើយោងតាមសារព័ត៌មាន The Verge បានឱ្យដឹងថា ក្រុមហ៊ុន SpaceX បានដាក់បញ្ចេញនូវកញ្ចប់សេវាកម្មអ៊ីនធើណែតផ្កាយរណប Starlink ដែលមានល្បឿន និងដំណើរការលឿន ប៉ុន្តែវាអាចធ្វើឱ្យហោប៉ៅរបស់អ្នកទទេបាន។
កញ្ចប់សេវាកម្មអ៊ីនធើណេតផ្កាយរណប Starlink ហៅកាត់ថា Starlink Premium នេះ នឹងផ្តល់ជូននូវល្បឿនអ៊ីនធើណែតចាប់ពី 150 ទៅ 500Mbps បូករួមជាមួយរយៈពេល Latency ពី 20 ទៅ 40 មីលីវិនាទី និងល្បឿន Latency ដែលអាចកើនឡើងពី 50 ទៅ 250Mbps ផងដែរ។ សម្រាប់ល្បឿនបង្ហោះ Upload វិញ វាអាចមានល្បឿនចាប់ពី 10 ទៅ 20Mbps នៅលើគម្រោងស្តង់ដារធម្មតា និងល្បឿនចាប់ពី 20 ទៅ 40Mbps នៅលើគម្រោង Premium។
បន្ថែមពីនេះទៅទៀត អ្នកនឹងតម្រូវឱ្យបង់ប្រាក់មួយទ្វេជាប្រាំ បើសិនជាអ្នកចង់បានល្បឿន Performance អ៊ីនធើណែត គុណនឹងពីរ ដែលគម្រោង Premium ប្រចាំខែមានតម្លៃ $500 និងគម្រោងធម្មតាមានតម្លៃ $99 ក្នុងមួយខែ។ នៅពេលធ្វើការតភ្ជាប់ដំបូង អ្នកនឹងតម្រូវឱ្យបង់ប្រាក់ $2500 ទៅលើអង់តែន និងផ្នែក Hardware ផ្សេងទៀតសម្រាប់គម្រោង Premium ចំណែកឯគម្រោងធម្មតាវិញ អ្នកតម្រូវឱ្យបង់ប្រាក់ប្រមាណជា $499 ជាមួយនឹងលុយកក់ $500។
Starlink high performance antenna https://t.co/83kIQSNV3l
— Elon Musk (@elonmusk) February 2, 2022
ក្រុមហ៊ុន SpaceX បាននិយាយថា សេវាកម្មអ៊ីនធើណេតថ្មីរបស់ខ្លួនមួយនេះ នឹងអាចនៅតែដំណើរការបានកាន់តែល្អប្រសើរ បើទោះបីជានៅក្នុងលក្ខខណ្ឌអាកាសធាតុមិនអំណោយផលយ៉ាងណាក្តី ហើយក្រុមហ៊ុនក៏បានបន្ថែមទៀតផងដែរថា អតិថិជននឹងទទួលបានសេវាកម្មទាក់ទងទៅកាន់ក្រុមហ៊ុនបានគ្រប់ពេលវេលា (២៤/៧) បើសិនជាអតិថិជនជួបនូវបញ្ហាណាមួយ។
Starlink ដែលជាផ្កាយរណបអ៊ីនធើណែតរបស់ក្រុមហ៊ុន SpaceX ត្រូវបានបាញ់បង្ហោះទៅកាន់លំហអាកាសបានប្រមាណជាជាង 2,000 គ្រឿងរួចមកហើយ (គិតត្រឹមពាក់កណ្តាលខែមករានេះ) ដែលមានផ្កាយរណបប្រមាណជាជាង 1,500 គ្រឿងបានស្ថិតនៅក្នុងគន្លងលំហអាកាស (Orbit) បានត្រឹមត្រូវ។
បើសិនជាអ្នកមានចំណាប់អារម្មណ៍ទៅលើបណ្តាញផ្គត់ផ្គង់អ៊ីនធើណែតពីលំហអាកាសមួយនេះ អ្នកអាចធ្វើការបញ្ជាទិញកញ្ចប់សេវាកម្ម Premium នេះបាន ដោយក្រុមហ៊ុន SpaceX នឹងដឹកជញ្ជូនក៏ដូចជាធ្វើការតភ្ជាប់ជូនអ្នក នៅក្នុងអំឡុងត្រីមាសទី២ នៃឆ្នាំ២០២២៕
ប្រភព÷ Engadget
Post a Comment