ទូរស័ព្ទរបស់ក្រុមហ៊ុន Samsung នាពេលខាងមុខ អាចនឹងផលិតចេញពីផ្នែកមួយរបស់កាកសំណល់សំណាញ់នេសាទត្រីដែលត្រូវបានគេយកទៅបោះចោលក្នុងសមុទ្រ

នៅពេលដែលក្រុមហ៊ុន Samsung ប្រកាសពីថ្ងៃខែក្នុងការបញ្ចេញទូរស័ព្ទត្រកូល Galaxy S ឆ្នាំ២០២២ របស់ខ្លួន ក៏មាននូវព័ត៌មានមួយចំនួនបានបង្ហាញថា ទូរស័ព្ទដែលនឹងបង្ហាញខ្លួននាពេលខាងមុខទាំងអស់នោះ អាចនឹងត្រូវបានផលិតចេញពីវត្ថុធាតុដើមដែលមាននិរន្តរភាពខ្ពស់ ឬមានអាយុកាលវែង (សំដៅលើភាពធន់ រឹងមាំ មិនងាយខូច)។

កាលពីថ្ងៃអាទិត្យកន្លងទៅ ក្រុមហ៊ុន Samsung បាននិយាយថា ខ្លួនបាននឹងកំពុងចាប់ផ្តើមប្រើប្រាស់នូវកាកសំណល់ផ្លាស្ទិកចេញពីក្នុងសមុទ្រ (Ocean-bound) ដែលត្រូវបានផលិតចេញពីសំណាញ់នេសាទត្រីចាស់ៗ ដែលត្រូវបានគេបោះចោលដើម្បីយកទៅផលិតឧបករណ៍ ក៏ដូចជាទូរស័ព្ទជំនាន់ចុងក្រោយបង្អស់របស់ខ្លួន។ 
ក្រុមហ៊ុន Samsung ក៏បានបន្ថែមផងដែរថា ខ្លួននឹងដាក់បង្ហាញឧបករណ៍មួយក្នុងចំណោមឧបករណ៍ផ្សេងទៀត ដែលផលិតចេញពីកាកសំណល់ដែលចេញមកពីសំណាញ់នេសាទនៅក្នុងសមុទ្រ នៅក្នុងព្រឹត្តិការណ៍ដាក់បង្ហាញផលិតផលរបស់ខ្លួនខ្នាតធំនាអាទិត្យក្រោយផងដែរ។


ខណៈពេលដែលក្រុមហ៊ុន Samsung និយាយពីកាកសំណល់ផ្លាស្ទិក ប្រាកដណាស់យើងពិតជាមានទំនោរគិតពីដបប្លាស្ទិក ឬថង់ប្លាស្ទិកដែលត្រូវបានប្រើប្រាស់ដើម្បីដាក់គ្រឿងទេស ឬចំណីអាហារផ្សេងៗ ក៏ប៉ុន្តែ អ្វីដែលជីវវិទូសមុទ្រមានការព្រួយបារម្ភជាងគេនោះ គឺជាប្រភេទមីក្រូប្លាស្ទិក (កាកសំណល់ប្លាស្ទិកតូចៗ) និងសំណាញ់ចាស់ៗដែលត្រូវបានគេយកទៅបោះចោលក្នុងសមុទ្រទៅវិញទេ។


កាកសំណល់ផ្លាស្ទិកដែលចេញមកពីសំណាញ់ចាស់ៗនៅក្នុងសមុទ្រ បានជះឥទ្ធិពលមិនល្អយ៉ាងច្រើនដល់ភាវៈរស់នៅក្នុងសមុទ្រ ដោយឧបករណ៍ទាំងអស់នោះ វានៅតែបន្តចាប់ និងសម្លាប់ជីវិតសត្វសមុទ្រ រួមទាំងប្រភេទសត្វដែលជិតផុតពូជទៀតផង។ ជារៀងរាល់ឆ្នាំ សំណាញ់នេសាទចាស់ៗ ត្រូវបានគេបោះចោលទៅក្នុងទឹកសមុទ្រប្រមាណជាជាង ៦៤០, ០០០ តោន ដែលវាជាបញ្ហាដ៏ធំ និងធ្ងន់ធ្ងរមួយដែលបានជះឥទ្ធិពលអាក្រក់ដល់ភាវៈរស់នៅក្នុងទឹក។

Samsung មិនមែនជាក្រុមហ៊ុនដំបូងដែលព្យាយាមយកកាកសំណល់សំរាមយកមកកែច្នៃដើម្បីផលិតឧបករណ៍របស់ខ្លួននោះទេ ដោយកាលពីឆ្នាំមុន ក្រុមហ៊ុន Microsoft ក៏បានប្រកាសពីគម្រោង Ocean Plastic Mouse ដែលយកកាកសំណល់សំរាមពីក្នុងសមុទ្រ មកផលិតជាឧបករណ៍អេឡិចត្រូនិករបស់ខ្លួនអញ្ចឹងដែរ។

បើទោះបីជាយ៉ាងណាក៏ដោយ ជំហានដែលក្រុមហ៊ុន Samsung បានជ្រើសរើសនេះ គឺពិតជាផ្តល់នូវសារប្រយោជន៍យ៉ាងច្រើនទៅដល់មនុស្សជាតិ និងភាវៈរស់នៅក្នុងសមុទ្រ ដែលអាចជាគំរូដ៏ល្អ ទៅកាន់ក្រុមហ៊ុនផលិតទូរស័ព្ទដ៏ទៃទៀត ដើម្បីឱ្យពួកគេយកគំរូតាមផងដែរ៕


ប្រភព÷ Engadget

Post a Comment

To Top