ក្រុមហ៊ុន Samsung នឹងដាក់លក់ទូរស័ព្ទ Samsung Galaxy S22 នៅប្រទេសអាហ្វ្រិកខាងត្បូង ជាមួយនឹងបន្ទះឈីប Snapdragon

នៅដើមសប្តាហ៍នេះ ក្រុមហ៊ុន Samsung បានប្រកាសចេញទូរស័ព្ទនៃត្រកូល Galaxy S22 ជាផ្លូវការ ហើយដូចរាល់ដង ទីផ្សារមួយចំនួនអាចនឹងទទួលបានទូរស័ព្ទត្រកូល S22 នេះជាមួយនឹងបន្ទះឈីប Snapdragon ជំនាន់ចុងក្រោយ និងទីផ្សារផ្សេងទៀតអាចនឹងទទួលបានវាជាមួយនឹងបន្ទះឈីប Exynos ថ្មី។

ជាប្រពៃណី ក្រុមហ៊ុន Samsung តែងតែដាក់លក់ទូរស័ព្ទជំនាន់ថ្មីរបស់ខ្លួននៅក្នុងទីផ្សារ សហរដ្ឋអាមេរិក ប្រទេសកូរ៉េខាងត្បូង និងប្រទេសចិន ជាមួយនឹងបន្ទះឈីប Snapdragon ជំនាន់ចុងក្រោយរបស់ក្រុមហ៊ុន Qualcomm រីឯទីផ្សារដ៏ទៃវិញ ក្រុមហ៊ុន Samsung បានជ្រើសយកបន្ទះឈីប Exynos ដែលផលិតចេញពីផ្ទះរបស់ខ្លួនផ្ទាល់។

យ៉ាងណាម៉ិញ នៅឆ្នាំនេះអាចនឹងមានការផ្លាស់ប្តូរ ដោយក្រុមហ៊ុន Samsung បានបញ្ជាក់ថា ខ្លួននឹងនាំយកទូរស័ព្ទជំនាន់ថ្មីរបស់ខ្លួនទៅកាន់ទីផ្សារប្រទេសឥណ្ឌា ជាមួយនឹងប្រភេទបន្ទះឈីប Snapdragon ដែលខុសពីរាល់ឆ្នាំ ដែលក្រុមហ៊ុន Samsung តែងតែនាំយកបន្ទះឈីប Exynos ទៅកាន់ទីផ្សារនៃប្រទេសមួយនេះ។ បន្ថែមពីនេះ មិនមែនមានតែទីផ្សារប្រទេសឥណ្ឌានោះទេដែលមានការផ្លាស់ប្តូរ ទីផ្សារនៃបណ្ដាប្រទេសមួយចំនួនក៏មានការផ្លាស់ប្តូរដូចគ្នានេះដែរ។

បើយោងតាមលោក Justin Hume ដែលជាប្រធានគ្រប់គ្រងរបស់ក្រុមហ៊ុន Samsung ប្រចាំប្រទេសអាហ្រ្វិកខាងត្បូងបានបញ្ជាក់ថា ក្រុមហ៊ុន Samsung នឹងនាំយកបន្ទះឈីប Snapdragon ដែលមានបំពាក់នៅក្នុងទូរស័ព្ទជំនាន់ថ្មីរបស់ខ្លួន មកកាន់ទីផ្សារនៃប្រទេសអាហ្រ្វិកខាងត្បូង ជំនួសឱ្យបន្ទះឈីប Exynos ដោយសារតែបញ្ហាកង្វះខាតនៃការផលិត។

សម្រាប់ទីផ្សារដែលអាចមានការផ្លាស់ប្តូរពីបន្ទះឈីប Exynos បន្តទៅទៀតនោះ អាចនឹងមានប្រទេសអារ៉ាប់រួម និងប្រទេសកូរ៉េខាងត្បូង ដោយចក្រភពអង់គ្លេស និងទ្វីបអឺរ៉ុប នៅតែទទួលបាននូវបន្ទះឈីប Exynos 2200 ដដែល៕


ប្រភព÷ GSMArena

Post a Comment

To Top