ទូរស័ព្ទ Realme 9 Pro+ នឹងមកជាមួយម៉ូដែល Limited Edition ដោយបានសហការជាមួយហ្គេម Free Fire

នៅថ្ងៃម្សិលមិញ ក្រុមហ៊ុន Realme បានបង្ហាញពីទូរស័ព្ទនៃត្រកូល Realme 9 Pro+ របស់ខ្លួនជាមួយនឹងជម្រើសពណ៌ចំនួនបី និងជម្រើសអង្គចងចាំចំនួនពីរ ប៉ុន្តែវាហាក់បីដូចជាក្រុមហ៊ុនបានបន្សល់ទុកនូវព័ត៌មានសំខាន់មួយនៃទូរស័ព្ទមួយនេះ។ ឥឡូវនេះ ក្រុមហ៊ុនក៏បានចែករំលែកព័ត៌មានបន្ថែមថា ក្រុមហ៊ុន Realme កំំពុងចាប់ដៃគូសហការជាមួយនឹងហ្គេម Free Fire ហើយសម្រាប់ម៉ូដែល Free Fire Limited Edition នេះដែរក៏កំពុងតែស្ថិតនៅក្រោមការផលិតផងដែរ។

សម្រាប់ព័ត៌មានផ្លូវការដែលបង្ហាញពីការរចនា ឬ តួខ្លួនរបស់ទូរស័ព្ទ Limited Edition មួយនេះយើងមិនទាន់អាចដឹងបាននៅឡើយទេ ប៉ុន្តែយើងអាចរំពឹងបានថាទូរស័ព្ទ Realme 9 Pro+ Free Fire Limited Edition នឹងមកជាមួយការរចនាខ្នងខាងក្រោយដែលទាក់ទងជាមួយនឹងហ្គេម Free Fire បូករួមជាមួយផ្ទៃប្រើប្រាស់ Realme UI 3.0 ដែលទទួលបានការរចនា Theme ឱ្យសុីគ្នាជាមួយនឹងទូរស័ព្ទផងដែរ។

Free Fire គឺជាហ្គេម Battle Royal អនឡាញ ដែលមានអ្នកលេងភាគច្រើននៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ បើទោះបីជាយ៉ាងណាក៏ដោយ នាពេលបច្ចុប្បន្ននេះ ហ្គេមមួយនេះត្រូវបានហាមឃាត់ (Ban) នៅក្នុងប្រទេសឥណ្ឌា បន្ទាប់ពីការដាក់ទណ្ឌកម្មរបស់រដ្ឋាភិបាល ដែលជាទីផ្សារដ៏ធំមួយរបស់ក្រុមហ៊ុន Realme។

ទោះជាយ៉ាងណាក៏ដោយ ក្រុមអ្នកអភិវឌ្ឍន៍ជនជាតិសិង្ហបុរីដែលជាអ្នកផលិតហ្គេម Free Fire  ឬ ក្រុមហ៊ុន Garena មួយនេះ ក៏នៅតែមានហ្គេម Free Fire Max របស់ខ្លួននៅក្នុង Play Store និង App Store ផងដែរ ប៉ុន្តែវាតម្រូវការទូរស័ព្ទដែលមានបន្ទះឈីប និង GPU ខ្លាំងជាងហ្គេម Free Fire ធម្មតា៕


ប្រភព÷ GSMArena

Post a Comment

To Top